ព័ត៌មានអន្តរជាតិ

លោកពុទីន៖ រុស្ស៊ីមិនចាំបាច់រង់ចាំឱ្យអឺរ៉ុបបិទទ្វារមុននោះទេ ដោយរុស្ស៊ីត្រូវលក់ថាមពលទៅទីផ្សារផ្សេងជំនួសវិញ

image

រុស្ស៊ី៖ ថ្លែងនៅក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន (Vladimir Putin) បានលើកឡើងថា រុស្ស៊ីមិនចាំបាច់រង់ចាំរហូតដល់សហភាពអឺរ៉ុបអនុវត្តទណ្ឌកម្មថ្មីនោះទេ។ លោកបានណែនាំឱ្យរដ្ឋាភិបាលរុស្ស៊ី ចាប់ផ្តើមបង្វែរជម្រើសនៃការនាំចេញធនធានថាមពលរបស់ខ្លួន ទៅកាន់ទីផ្សារផ្សេងទៀតចាប់ពីពេលនេះតទៅ ។

លោក ពុទីន បានបញ្ជាក់ថា «សហភាពអឺរ៉ុបកំពុងគ្រោងដាក់កំហិតបន្ថែមលើការទិញធនធានថាមពលពីរុស្ស៊ី រួមទាំងឧស្ម័នធម្មជាតិ (LNG) ចាប់ពីថ្ងៃទី ២៥ ខែមេសា តទៅ រហូតឈានទៅដល់ការហាមឃាត់ទាំងស្រុង។ ហេតុនេះហើយ ទើបលោកបានណែនាំឱ្យរដ្ឋាភិបាលវាយតម្លៃពីលទ្ធភាពក្នុងការបញ្ឈប់ការផ្គត់ផ្គង់ថាមពលទៅកាន់ទីផ្សារអឺរ៉ុបឥឡូវនេះតែម្ដង ជំនួសឱ្យការរង់ចាំឱ្យពួកគេមកបិទទ្វារជាមុន។ រុស្ស៊ីនឹងបង្វែរថាមពលទាំងនេះ ទៅកាន់គោលដៅផ្សេង ហើយអ្វីដែលសំខាន់បំផុត គឺត្រូវឈរជើងរឹងមាំនៅទីនោះ» ។

ទោះជាយ៉ាងណាក៏ដោយ លោក ពុទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីមិនដែលបដិសេធកិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុបនោះទេ ដោយលោកបានលើកឡើងថា «ប្រសិនបើក្រុមហ៊ុន ឬអ្នកទិញនៅអឺរ៉ុបសម្រេចចិត្តកែប្រែឥរិយាបថ ហើយផ្តល់ឱ្យរុស្ស៊ីនូវកិច្ចសហប្រតិបត្តិការរយៈពេលវែង និងមានស្ថិរភាព ដែលគ្មានរឿងនយោបាយមកពាក់ព័ន្ធ នោះរុស្ស៊ីនៅតែស្វាគមន៍ជានិច្ច។ រុស្ស៊ីត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការជាមួយអឺរ៉ុប ប៉ុន្តែក៏ត្រូវការសញ្ញាណច្បាស់លាស់ពីពួកគេ (អឺរ៉ុប) ថា ពួកគេពិតជាចង់ធ្វើការជាមួយរុស្ស៊ី និងអាចធានាបាននូវស្ថិរភាពនេះ» ។

កាលពីខែមករា សហភាពអឺរ៉ុប បានអនុម័តផែនការកាត់ផ្តាច់ការនាំចូលឧស្ម័នពីរុស្ស៊ីទាំងស្រុងត្រឹមចុងឆ្នាំ ២០២៧។ ក្នុងពេលជាមួយគ្នា ពិភពលោកកំពុងជួបវិបត្តិថាមពលធ្ងន់ធ្ងរ ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យតម្លៃប្រេងឆៅហក់ឡើងខ្ពស់ បន្ទាប់ពីការបិទច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដង្ហើមសេដ្ឋកិច្ចពិភពលោក ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Janos Kummer/Getty images)/ Bernadett Szabo via Reuters