ព័ត៌មានអន្តរជាតិ

ចិនព្រមានអាម៉េរិក កុំឱ្យលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ក្រោយពីមានការតែងតាំងមេដឹកនាំកំពូលថ្មី

image

ប៉េកាំង, ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) បានចេញមុខថ្កោលទោសចំពោះការព្រមានរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ទៅលើលោក ម៉ូចតាបា ខាមេនី (Mojtaba Khamenei) ដែលទើបទទួលបានការតែងតាំងជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់។ លោកបានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានក្នុងធានីប៉េកាំងថា ការតែងតាំងនេះគឺជាការសម្រេចចិត្តរបស់អ៊ីរ៉ង់ផ្ទាល់ ដែលធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ។

ចិនបានសង្កត់ធ្ងន់ថា ខ្លួនជំទាស់ដាច់ខាតចំពោះការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ មិនថាក្រោមហេតុផលអ្វីក៏ដោយ។ បន្ថែមពីនេះ ទីក្រុងប៉េកាំង បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់គោរពអធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ ហើយងាកមកប្រើប្រាស់ដំណោះស្រាយតាមផ្លូវការទូតជំនួសវិញ ។

គួររំឭកថា លោក ម៉ូចតាបា ខាមេនី (Mojtaba Khamenei) ត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មី កាលពីថ្ងៃអាទិត្យ ជំនួសឱ្យលោក អាយ៉ាតុលាហ៍ អាលី ខាមីនី ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអ៊ែល កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។

ក្រៅពីបញ្ហាអ៊ីរ៉ង់ ចិនបានបង្ហាញនូវការមិនពេញចិត្តយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក ចូ ជុងតៃ (Cho Jung-tai) ទៅកាន់ប្រទេសជប៉ុន។ បន្ថែមពីនេះ ចិនបានព្រមានដល់ប្រទេសជប៉ុន កុំឱ្យបង្កើនសកម្មភាពយោធានិយម ឬលូកដៃក្នុងជម្លោះនៅច្រកសមុទ្រតៃវ៉ាន់ ដោយចិនចាត់ទុកតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ក្រោមគោលនយោបាយចិនតែមួយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Benoit Tessier via Reuters/ AFP