ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង ៧០នាក់ បញ្ជូនទៅតុលាការ ក្នុងសប្តាហ៍ទី១ ដើមខែមីនា

image

ភ្នំពេញ៖ ក្នុងរយៈពេល ១សប្តាហ៍ពេញ ពោលគឺ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបន្តប្រតិបត្តិការអនុវត្តច្បាប់ ដោយបង្ក្រាបក្មេងទំនើងបានចំនួន ១៤ករណី និងបានឃាត់ខ្លួនជនបង្កសរុប ៧៧នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ ប្រតិបត្តិការបង្ក្រាបក្មេងទំនើងក្នុងសប្ដាហ៍កន្លងទៅនោះ រួមមាន រាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តកំពត កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ និងខេត្តស្វាយរៀង ខណៈក្មេងទំនើងដែលរត់គេចខ្លួនផ្សេងទៀត សមត្ថកិច្ចបាននិងកំពុងសហការស្រាវជ្រាវ ដោយប្ដេជ្ញាក្របួចកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការឱ្យបានជាដាច់ខាត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្កត់ធ្ងន់ជាថ្មីទៀត ឱ្យអាជ្ញាធរមូលដ្ឋាន អនុវត្តវិធានការក្ដៅ បង្ក្រាបក្មេងទំនើងដោយគ្មានការលើកលែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈអាណាព្យាបាល ត្រូវបានសម្ដេចទទូចឱ្យយកចិត្តទុកដាក់អប់រំ និងតាមដានសកម្មភាពកូនចៅ ព្រមទាំងសហការផ្ដល់ព័ត៌មានជូនសមត្ថកិច្ច។

ស្របតាមច្បាប់ និងបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្ត្រីស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កំណត់យកការដោះស្រាយបញ្ហាក្មេងទំនើង ជាវិញ្ញាសាអាទិភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ខណៈកម្លាំងនគរបាលជាតិ ត្រូវបង្កើនសកម្មភាពល្បាតតាមដាន និងបង្ក្រាបក្មេងទំនើងឱ្យបានលឿនបំផុត។

សូមរម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៦ នគរបាលជាតិបានបង្ក្រាបក្មេងទំនើងចំនួន ១០៤ករណី ឃាត់ខ្លួនជនបង្ក ៣៧៦នាក់ បញ្ជូនទៅស្ថាប័នតុលាការ ដើម្បីទទួលការផ្ដន្ទាទោស៕