ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំ ដាក់បទបញ្ជាឱ្យបង្ក្រាប បទល្មើសឆបោកតាមអនឡាញ ជាដាច់ខាត និងរក្សាឱ្យបាននូវសន្តិសុខសុវត្ថិភាពត្រៀមបុណ្យចូលឆ្នាំថ្មី

image

ត្បូងឃ្មុំ៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយផ្តោតសំខាន់លើការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសទៅលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Online scams) ព្រមទាំងត្រៀមការរៀបចំពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ និងការរៀបចំសង្ក្រាន្តឆ្នាំថ្មី ។

ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុកទាំងអស់ ក្នុងនោះដែរ លោកអភិបាលខេត្ត បានជំរុញឱ្យកងកម្លាំងមានសមត្ថកិច្ច ត្រូវរឹតបន្តឹង និងអនុវត្តវិធានការក្តៅក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ការលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងការទប់ស្កាត់ក្រុមក្មេងទំនើង មិនឱ្យបង្កអសន្តិសុខក្នុងមូលដ្ឋានឡើយ។

លោក ប៉ែន កុសល្យ បានមានប្រសាសន៍ផ្តោតសំខាន់លើការយកចិត្តទុកដាក់ខ្លាំងលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Online scams) ដែលជាបញ្ហាចំពោះមុខ ត្រូវទប់ស្កាត់ឱ្យខានតែបាន ដើម្បីការពារទ្រព្យសម្បត្តិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ការគ្រប់គ្រងជនបរទេស ក៏ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់នូវរាល់ការស្នាក់នៅខុសច្បាប់ របស់ជនបរទេសក្នុងភូមិសាស្ត្រខេត្ត ដើម្បីបង្ការរាល់បទល្មើសឆ្លងដែននានា ។

លោកក៏ បានណែនាំដល់រដ្ឋបាលខេត្ត មន្ទីរ-អង្គភាព និងអាជ្ញាធរក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗ ដើម្បីត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។ ឯកឧត្តមបានបញ្ជាក់ថា ត្រូវរួមគ្នាលើកកម្ពស់សោភ័ណភាពខេត្ត តាមរយៈការតុបតែងលម្អភ្លើងពណ៌ និងសណ្តាប់ធ្នាប់តាមទីសាធារណៈ ឱ្យមានសម្រស់ស្រស់ត្រកាល។ ទន្ទឹមនឹងនេះ ត្រូវរៀបចំកម្មវិធី «សង្ក្រាន្ត» និងល្បែងប្រជាប្រិយខ្មែរ ឱ្យបានកុះករ ដើម្បីបង្កភាពសប្បាយរីករាយជូនពលរដ្ឋ និងភ្ញៀវទេសចរ។ ជាពិសេស កងកម្លាំងប្រដាប់អាវុធត្រូវពង្រឹងកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសមហាសង្ក្រាន្តនេះផងដែរ៕

អត្ថបទ៖ សារី ណែត