ព័ត៌មានជាតិ

ថៃបានបំភ្លៃព័ត៌មានថា កម្ពុជាប្រកាសចរចារឿងព្រំដែនតាមរយៈយន្តការJBCនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី

image

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបំភ្លឺថា

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ប្រព័ន្ធផ្សាយព័ត៌មានថៃបានស្រង់សម្តីរបស់ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃមកផ្សាយថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារតាមបណ្តាញសង្គមថា កិច្ចចរចាដើម្បីទាមទារទឹកដីមកវិញអាចត្រូវធ្វើឡើងនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ឬក្រោយកម្មវិធី «នគរសង្ក្រាន»។ 

ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ថា សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីពុំដែលបានមានប្រសាសន៍ ឬបង្ហោះសារតាមបណ្តាញសង្គមណាមួយអំពីការចរចាតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នឹងត្រូវធ្វើនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីដូចដែលបានលើកឡើងខាងលើនោះឡើយ។ 

ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពច្បាស់លាស់ គឺគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់ ដោយអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ធ្វើការងារឱ្យបានឆាប់រហ័សបំផុតដើម្បីដោះស្រាយបញ្ហាព្រំដែន និងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ ដោយមិនរង់ចាំដល់ក្រោយពិធីចូលឆ្នាំនោះឡើយ។ 

សូមបញ្ជាក់ថា គិតចាប់ពីបទឈប់បាញ់លើកទី២ ចូលជាធរមានកាលពីវេលាម៉ោង ១២:០០ នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលតំណាងឱ្យ JBC កម្ពុជា បានដាក់សំណើទៅកាន់គាគីថៃចំនួន ៥លើកមកហើយដើម្បីស្នើសុំឱ្យភាគីថៃចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះដើម្បីចុះធ្វើការងារនៅលើដីជាក់ស្តែង។ ប៉ុន្តែភាគីថៃបានបង្កើតជាបញ្ហាមិនចេះចប់ដែលជាលែសមិនបញ្ជូនមក៕