លោកណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអ៊ែលមានគោលដៅរំដោះប្រជាជនអ៊ីរ៉ង់ ចេញពីអំណាចផ្តាច់ការ
អ៊ីស្រាអ៊ែល៖ អំឡុងស្ថិតនៅក្នុងមជ្ឈមណ្ឌលប្រតិបត្តិការគ្រាអាសន្នសុខភាពជាតិ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ បានថ្លែងថា ប្រតិបត្តិការយោធាដែលកំពុងដំណើរការរបស់អ៊ីស្រាអ៊ែល មានគោលបំណងជួយសង្គ្រោះប្រជាជនអ៊ីរ៉ង់ឱ្យរួចផុតពីនឹមនៃអំណាចផ្តាច់ការ។ លោកបានបញ្ជាក់ថា គោលដៅចុងក្រោយគឺដើម្បីបញ្ចប់មេដឹកនាំបច្ចុប្បន្នរបស់អ៊ីរ៉ង់ឱ្យបានជាស្ថាពរ ។
លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ចុងក្រោយ វាអាស្រ័យលើប្រជាជនអ៊ីរ៉ង់ ហើយប្រសិនបើអ៊ីស្រាអ៊ែលទទួលបានជោគជ័យក្នុងការសហការជាមួយប្រជាជនអ៊ីរ៉ង់ នោះពួកគេនឹងបង្កើតឱ្យមានការផ្លាស់ប្តូរ និងបញ្ចប់របបនេះជាអចិន្ត្រៃយ៍» ។
គួររំឭកថា សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល បានបើកប្រតិបត្តិការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ជាការឆ្លើយតប អ៊ីរ៉ង់បានវាយប្រហារមកលើអ៊ីស្រាអ៊ែល និងទីតាំងយុទ្ធសាស្ត្ររបស់អាម៉េរិកនៅក្នុងតំបន់ ដែលបណ្តាលឱ្យមានករណីផ្ទុះជាច្រើននៅតាមបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រ។ ជាលទ្ធផល សារព័ត៌មានអ៊ីរ៉ង់ បានរាយការណ៍ថា មានអ្នកស្លាប់ជាង ១,២០០ នាក់ ហើយភាគីអាម៉េរិកក៏បានទទួលស្គាល់ពីការបាត់បង់ជីវិតបុគ្គលិកយោធាខ្លួនចំនួន ៧ នាក់ផងដែរ ។
នៅក្នុងការវាយប្រហារនៅថ្ងៃដំបូង មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមីនី (Ayatollah Ali Khamenei) បានទទួលមរណភាព ហើយកូនប្រុសរបស់លោក គឺលោក ម៉ុចតាបា ខាមីនី (Mojtaba Khamenei) កាលពីថ្ងៃអាទិត្យ ត្រូវបានជ្រើសរើសឱ្យធ្វើជាអ្នកបន្តវេន។ សកម្មភាពយោធានេះ បានកើតឡើងបន្ទាប់ពីការចរចាជាច្រើនជុំរវាងអាម៉េរិក និងអ៊ីរ៉ង់មិនទទួលបានលទ្ធផល។ វិបត្តិនេះ ក៏បានធ្វើឱ្យតម្លៃថាមពលពិភពលោកហក់ឡើងខ្លាំង ដោយប្រេងឆៅមានតម្លៃលើស ១០០ ដុល្លារក្នុងមួយបារ៉ែល ហើយច្រកសមុទ្រហ័រមូស (Strait of Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតរបស់ពិភពលោក ប្រមាណជា ២០% ក៏ត្រូវបានបិទស្ទើរតែទាំងស្រុង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY