ថៃបញ្ជាឱ្យមន្ត្រីរាជការប្រើជណ្តើរជើង និងធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃថាមពល
បាងកក៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ នៅថ្ងៃអង្គារនេះ និយាយថា នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានបញ្ជាឱ្យមន្ត្រីរាជការទាំងអស់ត្រូវសន្សំសំចៃថាមពល ដោយសារតែវិបត្តិថាមពលដែលបណ្តាលមកពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ វិធានការទាំងនោះរួមមាន ការផ្អាកការធ្វើដំណើរទៅក្រៅប្រទេស និងការណែនាំឱ្យមន្ត្រីប្រើប្រាស់ជណ្តើរជើង ជំនួសឱ្យការប្រើជណ្តើរយន្ត។
អ្នកនាំពាក្យ លោកស្រី Lalida Periswiwatana បានប្រាប់អ្នកកាសែតថា៖ «នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យមន្ត្រីរាជការធ្វើការពីផ្ទះ ចាប់ពីថ្ងៃនេះតទៅ» ប៉ុន្តែសម្រាប់មន្ត្រីដែលចាំបាច់ត្រូវបំពេញការងារបម្រើប្រជាពលរដ្ឋ គឺនៅតែត្រូវមកធ្វើការធម្មតា។
យោងតាមគណៈកម្មការនិយតកម្មថាមពលរបស់ថៃ ឱ្យដឹងថា តម្រូវការថាមពលជិត ៦៨% របស់ប្រទេសថៃ គឺពឹងផ្អែកលើឧស្ម័នធម្មជាតិ។ ក្នុងនោះ ៣៥% នាំចូលពីក្រៅប្រទេស ដែល ១៣% នាំចូលមកពីមីយ៉ាន់ម៉ា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Reuters