ព័ត៌មានជាតិ

មន្ត្រីជំនាញស្នើឱ្យម្ចាស់ស្ថានីយ និងដេប៉ូប្រេង បើកលក់ជាធម្មតាឡើងវិញ កុំនាំគ្នាស្តុកប្រេងទុក

image

កំពត៖ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត លោក ស្រី កុម្ភៈ បានលើកឡើងថា ប៉ុន្មានថ្ងៃក្រោយសង្គ្រាមនៅមជ្ឈឹមបូព៌ាបានផ្ទុះឡើងបង្កឱ្យមានកង្វះខាតប្រេងលើទីផ្សារ ស្ថានីយ៍ និងដេប៉ូប្រេងជិត ៥0% ក្នុងខេត្តបានបិទទ្វារផ្អាកដំណើរការលក់ ក្រោមហេតុផលថាគ្មានប្រេង ខណ:ឃើញតម្លៃសាំងកើនឡើងខុសប្រក្រតីនៅតំបន់មួយចំនួន និង បានស្នើឱ្យម្ចាស់ស្ថានីយ និងដេប៉ូប្រេងបើកលក់ឡើងវិញ ហើយពលរដ្ឋកុំនាំគ្នាទិញប្រេងស្តុកទុក។

លោក ស្រី កុម្ភៈ បានបញ្ជាក់ដែរថា បីថ្ងៃកន្លងមកនេះ មន្ទីរពាណិជ្ជកម្ម សហការជាមួយមន្ទីររ៉ែ និងថាមពល បានចុះពិនិត្យ និងអប់រំណែនាំវិធានការមួយចំនួន ដល់ម្ចាស់ស្ថានីយ និងដេប៉ូប្រេង ថាកុំឱ្យលក់ថ្លៃលើសពីសេចក្តីប្រកាសរបស់ក្រសួង។ ស្ថានីយ និងដេប៉ូប្រេងណាដែលមានប្រេងសល់សូមជួយបន្តបើកលក់ជាធម្មតា ហើយអ្នកប្រើប្រាស់ត្រូវចេះសន្សំសំចៃប្រេងដើម្បីធានានិរន្តរភាព។

លោក ជា សុខា ប្រធានស្ថានីយប្រេងឥន្ធនៈសូគីម៉ិច រង្វង់មូលទុរេនទីរួមខេត្តកំពត ក៏បានស្នើដល់អ្នកលក់ប្រេងទាំងអស់ ចូលរួមចំណែក គោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ដើម្បីរួមគ្នាជ្រោងស្ថានការណ៍ដ៏លំបាកនេះ កុំឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ លោកបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានប្រជាពលរដ្ឋជាច្រើនបានសម្រុកមកចាក់ប្រេងបំពេញយានយន្ត មានអ្នកខ្លះក៏ទិញដាក់ប៊ីដុងដើម្បីយកទៅរក្សាទុក ប៉ុន្តែតាមការណែនាំរបស់ក្រុមហ៊ុន ក៏ដូចជាក្រសួង ស្ថានីយ៍របស់លោកមិនបានលក់ជូនអ្នកដែលទិញដាក់ប៊ីដុងនោះទេ។ ទន្ទឹមនឹងនោះដែរ ការលក់ដូរប្រេងរបស់ស្ថានីយក៏មិនមានការឆក់ឱកាសក្នុងការតម្លើងថ្លៃនោះទេ គឺលក់ទៅតាមតម្លៃដែលចេញដោយក្រសួងពាណិជ្ជកម្ម។

សូមបញ្ជាក់ថា ស្ថានីយ និងដេប៉ូប្រេងនៅក្នុងក្រុងកំពត បានគោរពតាមសេចក្តីណែនាំរបស់ក្រសួងបានល្អ មិនមានការលក់លើសថ្លៃកំណត់ ឬបូមដាក់ប៊ីដុងលក់ដូចមុននោះទេ ខណៈដែលមន្ត្រីជំនាញ និងពាក់ព័ន្ធបន្តចុះពិនិត្យតាមដាននៅតាមបណ្ដាស្រុកជារៀងរាល់ថ្ងៃ៕


អត្ថបទ៖ វង្ស សុធារម្យ