ព័ត៌មានជាតិ

កម្ពុជា នាំចេញជាង ៥,២ពាន់លានដុល្លារ ក្នុងរយៈពេលពីរខែដំបូង ឆ្នាំ២០២៦ កើនឡើង ១៧,២%

image

ភ្នំពេញ៖ ក្នុងរយៈពេល ២ខែដំបូង ឆ្នាំ២០២៦ កម្ពុជា បាននាំចេញទំនិញទៅទីផ្សារអន្តរជាតិ មានតម្លៃសរុបប្រមាណ ៥,២២ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៧,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើយោងតាមទិន្នន័យរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមានភាពផុយស្រួយ និងមានជម្លោះព្រំដែនជាមួយថៃ និងការបិទច្រកព្រំដែនដោយឯកតោភាគីពីអាជ្ញាធរថៃក៏ដោយ កម្ពុជា នៅតែអាចរក្សាបាននូវកំណើនពាណិជ្ជកម្មដ៏រឹងមាំ។

ទិន្នន័យដដែលបង្ហាញថា ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជា បាននាំចូលមុខទំនិញនានា មានតម្លៃសរុប ៥,៨៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យ៉ាងណាមិញ ភាពតានតឹងកាន់តែខ្លាំងនៃជម្លោះរវាង សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ កំពុងធ្វើឱ្យតម្លៃប្រេង និងឧស្ម័ននៅលើទីផ្សារពិភពលោកកើនឡើង ដែលអាចបង្កសម្ពាធលើសេដ្ឋកិច្ចសកល និងជំរុញអតិផរណាឡើងខ្ពស់។ ប្រសិនបើជម្លោះនេះបន្តអូសបន្លាយ វាក៏អាចប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មរបស់កម្ពុជានៅក្នុងឆ្នាំនេះផងដែរ។

ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន ចិន, សហរដ្ឋអាម៉េរិក, សហភាពអឺរ៉ុប, វៀតណាម, ជប៉ុន, សិង្ហបុរី, កាណាដា និង ម៉ាឡេស៊ី ជាដើម។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ រួមមាន ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ, ផលិតផលកសិកម្មដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ, គ្រឿងសង្ហារឹម, សំបកកង់រថយន្ត, បន្ទះសូឡា, កង់, សម្ភារអគ្គិសនី ព្រមទាំងគ្រឿងបង្គុំអេឡិចត្រូនិក និងគ្រឿងបង្គុំយានយន្ត។

ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជានាំចូលវិញ រួមមាន វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌកាត់ដេរ, ប្រេងឥន្ធនៈ, គ្រឿងអេឡិចត្រូនិក, យានយន្ត និងគ្រឿងចក្រ, សម្ភារសំណង់, គ្រឿងឧបភោគបរិភោគ, គ្រឿងសម្អាង ឱសថ និងបរិក្ខាពេទ្យ ជាដើម៕