លោកត្រាំ៖ កងទ័ពជើងទឹកអាម៉េរិក ត្រៀមបើកផ្លូវការពារនាវាដឹកប្រេងតាមច្រកសមុទ្រហ័រមូស
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងច្បាស់ថា កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក រួមជាមួយប្រទេសជាដៃគូ បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការបើកផ្លូវការពាររាល់នាវាដឹកប្រេងទាំងឡាយណាដែលត្រូវឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz)។ ការប្រកាសនេះធ្វើឡើងចំពេលដែលពិភពលោក កំពុងបារម្ភពីវិបត្តិថាមពល ដោយសារតែសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ ។
លោកត្រាំ បញ្ជាក់ថា ទោះបីជាលោកសង្ឃឹមថាវាមិនឈានដល់ដំណាក់កាលនោះក៏ដោយ ប៉ុន្តែបើស្ថានភាពបង្ខំ អាម៉េរិកនឹងបញ្ជូនកងនាវាដ៏ខ្លាំងពូកែបំផុតទៅការពារភ្លាមៗ។ លោកសង្កត់ធ្ងន់ថា អាម៉េរិកមានសមត្ថភាពខ្ពស់បំផុតក្នុងការកម្ទេចគ្រាប់មីនក្នុងទឹក និងដឹងច្បាស់ពីទីតាំងដែលអ៊ីរ៉ង់បានដាក់ពង្រាយគ្រឿងផ្ទុះទាំងនោះ។ លោកព្រមានអ៊ីរ៉ង់ថា បើហ៊ានលេងល្បែងបិទផ្លូវសមុទ្រនេះ អាម៉េរិកនឹងវាយបកវិញក្នុងកម្រិតមួយដែលអ៊ីរ៉ង់មិនធ្លាប់បានឃើញពីមុន ។
ប្រធានាធិបតីរូបនេះ បន្ថែមថា ប្រតិបត្តិការយោធានាពេលនេះ កំពុងទទួលបានជោគជ័យយ៉ាងខ្លាំង និងលឿនជាងការគ្រោងទុក។ លោកអះអាងដែរថា បើអាម៉េរិកមិនវាយប្រហារទុកជាមុនទេ អ៊ីរ៉ង់ដែលមានមីស៊ីលរាប់ពាន់គ្រាប់ នឹងលេបត្របាក់តំបន់មជ្ឈិមបូព៌ាទាំងមូល និងព្យាយាមបំផ្លាញប្រទេសអ៊ីស្រាអ៊ែលជាមិនខាន។ លោកត្រាំ បញ្ជាក់ជាចុងក្រោយថា សង្គ្រាមនេះនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ តែបើអ៊ីរ៉ង់នៅតែចង់បង្កជម្លោះទៀត នោះពួកគេនឹងត្រូវរងការវាយប្រហារកាន់តែធ្ងន់ធ្ងរជាងមុនទ្វេដង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ The Economic Times/ Nasa Photo/ US Navy Photo