ព័ត៌មានអន្តរជាតិ

ទីផ្សារហិរញ្ញវត្ថុអាស៊ី កើនឡើង ខណៈតម្លៃប្រេងធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ និយាយថា សង្គ្រាមជាមួយអ៊ីរ៉ង់អាចបញ្ចប់ឆាប់ៗ

image

សិង្ហបុរី៖ ទីផ្សារភាគហ៊ុននៅអាស៊ី បានកើនឡើងខ្លាំងនៅព្រឹកថ្ងៃអង្គារនេះ ខណៈតម្លៃប្រេងឆៅបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សង្គ្រាមនៅមជ្ឈិមបូព៌ា អាចនឹង «បញ្ចប់ឆាប់ៗ»។

សន្ទស្សន៍ភាគហ៊ុនរបស់ប្រទេសជប៉ុន ចិន កូរ៉េខាងត្បូង និងអូស្ត្រាលី បានកើនឡើងគួរកត់សម្គាល់ ខណៈតម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ដល់ជិត ១០% មកក្រោម ៩០ដុល្លារ ក្នុងមួយបារែល។

នៅសហរដ្ឋអាម៉េរិក សន្ទស្សន៍ S&P 500 បានកើនឡើង ០,៨៣% ខណៈសន្ទស្សន៍ភាគហ៊ុន Dow Jones Industrial Average កើនឡើង ០,៥០% និងសន្ទស្សន៍ភាគហ៊ុន Nasdaq Composite កើនឡើង ១,៣៨% កាលពីថ្ងៃចន្ទ។

សេចក្តីថ្លែងរបស់លោក ត្រាំ បានបង្កើតការរំពឹងវិជ្ជមានខ្លះក្នុងទីផ្សារ ប៉ុន្តែស្ថានការណ៍នៅអ៊ីរ៉ង់នៅតែតានតឹង។ ក្រុមអ្នកអភិរក្សនិយមអ៊ីរ៉ង់ បានប្រមូលផ្តុំគាំទ្រមេដឹកនាំកំពូលថ្មី លោក Mojtaba Khamenei ដើម្បីបង្ហាញការប្រឆាំងអាមេរិក និងអ៊ីស្រាអែល។

ការប្រកាស និងព្រឹត្តិការណ៍ទាំងនេះ បានធ្វើឱ្យទីផ្សារពិភពលោកមានការរអិលរអួលខ្លាំងកាលពីថ្ងៃចន្ទ។ ដំបូងតម្លៃប្រេងបានឡើងខ្លាំង និងភាគហ៊ុននៅ Wall Street ធ្លាក់ ប៉ុន្តែបន្ទាប់មកបានស្ទុះឡើងវិញ បន្ទាប់ពីសុន្ទរកថារបស់លោក Trump និងព័ត៌មានថា អាម៉េរិកអាចបន្ធូរបន្ថយទណ្ឌកម្មលើថាមពលរបស់រុស្ស៊ី។

នៅអាស៊ី សន្ទស្សន៍ភាគហ៊ុន Nikkei 225 របស់ជប៉ុន បានកើនឡើង ២,៥២%, សន្ទស្សន៍ភាគហ៊ុន Kospi របស់កូរ៉េខាងត្បូង កើនឡើងដល់ ២,៧៥% ខណៈសន្ទស្សន៍ភាគហ៊ុន Hang Seng នៅទីក្រុងហុងកុង កើនឡើង ១,៤៤% , សន្ទស្សន៍ភាគហ៊ុន CSI 300 នៅទីក្រុងសៀងហៃ និងហ្ស៊ិនជិន របស់ចិន កើនឡើង ១,០៩% និងសន្ទស្សន៍ភាគហ៊ុន S&P/ASX200 របស់អូស្ត្រាលី កើនឡើង ០,៧៥%។

ទោះជាយ៉ាងណា ភាពតានតឹងនៅតែមាន ខណៈយោធាអ៊ីរ៉ង់ព្រមានថា នឹងបង្កើនការវាយប្រហារដោយមីស៊ីល។ លោក ត្រំា ក៏បានព្រមានផងដែរថា ប្រសិនបើអ៊ីរ៉ង់រារាំងការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz អាម៉េរិកនឹងវាយប្រហារយ៉ាងខ្លាំងជាងមុន ២ដង៕

ប្រភព៖ Reuters និង Bloomberg