អាជ្ញាធរជាតិអប្សរា អំពាវនាវចំពោះអ្នកថតរូបភាព និងវីដេអូផ្សព្វផ្សាយនានានៅក្នុងរមណីយដ្ឋានអង្គរ កុំបង្កផលប៉ះពាល់ដល់សង្គម បេតិកភណ្ឌ និងវប្បធម៌ជាតិដ៏ល្អផូរផង់ និងចូលរួមសហការដើម្បីអភិរក្ស និងលើកតម្លៃបេតិកភណ្ឌជាតិ
សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីអំពាវនាវចំពោះអ្នកថតរូបភាព និងវីដេអូផ្សព្វផ្សាយនានានៅក្នុងរមណីយដ្ឋានអង្គរ ដោយបានលើកឡើងថា អាជ្ញាធរជាតិអប្សរា ក្នុងនាមជាស្ថាប័នគ្រប់គ្រង និងអភិរក្សតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលជាដួងព្រលឹង និងអត្តសញ្ញាណជាតិ សូមថ្លែងអំណរគុណដោយសេចក្តីគោរពចំពោះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងសិល្បករ សិល្បការិនី និងអ្នកបង្កើតមាតិកានានា ដែលបានចូលរួមថែរក្សា និងផ្សព្វផ្សាយបេតិកភណ្ឌ និងប្រពៃណីជាតិដ៏រុងរឿងប្រកបដោយក្តីគោរពស្រឡាញ់។
អាជ្ញាធរជាតិអប្សរាគាំទ្រចំពោះសកម្មភាពនានា ដែលបានបង្ហាញពីការគោរពស្រឡាញ់ដល់បេតិកភណ្ឌ វប្បធម៌ និងប្រពៃណីជាតិ ទាំងសកម្មភាពទស្សនា ក៏ដូចជាសកម្មភាពថតរូបភាពអនុស្សាវរីយ៍ និងការថតវីដេអូសម្តែង ក្នុងគោលដៅផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីជាតិ ចូលរួមចំណែកជាមួយក្រសួង/ស្ថាប័ន និងអាជ្ញាធរ ដែលទាំងនេះជាកាយវិការគួរជាទី គោរព និងគួរលើកទឹកចិត្ត។
កន្លងមក តាមរយៈសេចក្តីជូនដំណឹងលេខ ៥៧៩/២៤ រប.សជណ ស្តីពីការកែសម្រួលនូវលក្ខខណ្ឌតម្រូវថ្មី ពាក់ព័ន្ធនឹងសេវាកម្មថតវីដេអូ ឬរូបភាពសន្លឹកនៅក្នុងរមណីយដ្ឋានអង្គរ ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាសង្កេតឃើញថា ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានចូលរួមអនុវត្តបានល្អប្រសើរក្នុងស្មារតីអភិរក្ស និងលើកតម្លៃបេតិកភណ្ឌ និងវប្បធម៌ជាតិ។ ប៉ុន្តែជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានសម្គាល់ឃើញនៅមានចំណុចខ្វះចន្លោះមួយចំនួន ដែលអាចបង្កផលប៉ះពាល់ទៅដល់សង្គម បេតិកភណ្ឌ និងវប្បធម៌ជាតិដ៏ល្អផូរផង់ផងដែរ។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា ដែលមានក្រុមការងារភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ អាចនឹងស្នើសុំត្រួតពិនិត្យ និងសួរនាំទៅលើទម្រង់នៃការថតមួយចំនួនដែលអាចប៉ះពាល់ដូចបានបញ្ជាក់ជូនខាងលើ ជាអាទិ៍មានដូចជា ទង្វើខុសពីក្រមប្រតិបត្តិអង្គរ ការថតសម្តែង ការស្លៀកសម្លៀកបំពាក់ដែលខុសឆ្គងខ្លាំង នឹងទីតាំងបេតិកភណ្ឌ ការដើរបង្ហាញម៉ូត និងការបញ្ចេញសកម្មភាពដែលឆ្គាំឆ្គង និងមិនសមស្រប ការថតផ្សាយ ផលិតផលមិនមានការអនុញ្ញាត ក៏ដូចជាកាយវិការប្រមូលផ្តុំណាមួយ និងការថតដែលអាចរំខានដល់ការទស្សនា របស់ភ្ញៀវជាតិ/អន្តរជាតិ និងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ជាដើម។
សេចក្តីដូចបានជម្រាបជូនខាងលើ ប្រជាពលរដ្ឋ ព្រមទាំងសាធារណជនគ្រប់មជ្ឈដ្ឋានទាំងអស់មេត្តាយោគយល់ចំពោះការបំពេញកាតព្វកិច្ចរបស់ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា និងចូលរួមសហការក្នុងគោលដៅរួមគ្នា ដើម្បីអភិរក្ស និងលើកតម្លៃបេតិកភណ្ឌជាតិ ព្រមទាំងអំពាវដល់ម្ចាស់គណនីដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមទាំងអស់ ដែលបានបង្កការយល់ច្រឡំដល់មតិសាធារណជន មេត្តាលុបចេញពីគណនីរបស់ខ្លួន ដើម្បីរក្សាបរិយាកាសសង្គមប្រកបដោយសាមគ្គីភាពជាតិតែមួយ៕