ប្រជាជនមូស្ល៊ីមនិកាយស៊ីអ៊ីតនៅថៃ ចូលរួមកាន់ទុក្ខលោក ខាមីនី នៅមុខស្ថានទូតអ៊ីរ៉ង់ និងស្នើរដ្ឋាភិបាលទីក្រុងបាងកក ឱ្យរក្សាជំហរអព្យាក្រឹត
ថៃឡង់ដ៍៖ ក្រុមប្រជាជនមូស្ល៊ីមនិកាយស៊ីអ៊ីត (Shiites) នៅក្នុងប្រទេសថៃ ជាង ២០០នាក់ បានជួបជុំគ្នានៅមុខស្ថានទូតអ៊ីរ៉ង់ ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី ៨ ខែមីនា ដើម្បីសម្តែងនូវការសោកស្តាយ និងកាន់ទុក្ខចំពោះមរណភាពរបស់លោក អាយ៉ាតុលា អាលី ខាមីនី (Ayatollah Ali Khamenei) ដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ។
ក្នុងឱកាសនោះ ពួកគេបានអំពាវនាវឱ្យរដ្ឋាភិបាលថៃ រក្សាជំហរអព្យាក្រឹតនៅក្នុងជម្លោះដែលកំពុងឆាបឆេះនៅតំបន់មជ្ឈិមបូព៌ា ព្រមទាំងភ្ជាប់មកនូវពាក្យស្លោកដើម្បីសេរីភាពរបស់ប៉ាឡេស្ទីនទៀតផង ។
អ្នកចូលរួមបានដាក់ផ្កា និងផ្ញើសាររំលែកទុក្ខនៅខាងមុខស្ថានទូត ក្នុងខណ្ឌវឌ្ឍនា (Watthana)។ តំណាងក្រុមអ្នកតវ៉ា លោក អាលី សាហ៊ូសេនី (Ali Shahuseini) បានលើកឡើងថា លោក ខាមីនី មិនត្រឹមតែជាមេដឹកនាំប្រទេសអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែលោកគឺជាមេដឹកនាំនិកាយស៊ីអ៊ីតនៅទូទាំងពិភពលោក ។
អ្នកតំណាងក្រុមតវ៉ារូបនេះ បានស្នើទៅកាន់នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគូល (Anutin Charnvirakul) ឱ្យរក្សាទំនាក់ទំនងល្អជាមួយភាគីទាំងសងខាង ហើយក៏បានសុំអង្គការសហប្រជាជាតិ ឱ្យជួយបញ្ឈប់អំពើហិង្សានេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English/ The Nation Thailand | រូបភាព៖ Khaosod English