ខេត្តកំពង់ស្ពឺកំពុងមានតម្រូវការកម្មករជាង ១ម៉ឺននាក់ បន្ថែមទៀត ខណៈរោងចក្រសហគ្រាសកើនឡើងដល់ជិត ១៦០០កន្លែង
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា ខេត្តនេះកំពុងមានតម្រូវការកម្លាំងពលកម្មច្រើន ដែលជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋ យុវជន និងអតីតពលករមកពីប្រទេសថៃដែលកំពុងស្វែងរកការងារធ្វើ គឺអាចទាក់ទងការងារតាមរយៈមន្ទីរការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈខេត្តកំពង់ស្ពឺ ខណៈរោងចក្រ សហគ្រាសក្នុងខេត្តនេះបានកើនឡើងដល់ ១ ៥៩៩កន្លែង និងបានផ្ដល់ការងារដល់កម្មករ និយោជិកជាង ៣០ម៉ឺននាក់ នេះមិនគិតដល់វិស័យក្រៅប្រព័ន្ធជាច្រើនទៀតផង។
លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងដូចនេះក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តចំបក់ជើងភ្នំ ស្ថិតក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។
លោក ជាម ចន្ទ័សោភ័ណ ក៏បានអំពាវនាវទៅសិស្សនិស្សិត ដែលទើបបញ្ចប់ការសិក្សា ឬប្រជាពលរដ្ឋ ជាពិសេសអតីតពលករមកពីប្រទេសថៃ ដែលកំពុងស្វែងរកការងារធ្វើ អាចទាក់ទងជាមួយមន្ទីរការងារខេត្ត ដើម្បីទទួលបានឱកាសការងារ នៅតាមបណ្តារោងចក្រ សហគ្រាសបាន ព្រោះបច្ចុប្បន្ននៅខ្វះកម្មករ និយោជិកជាង ១ម៉ឺននាក់ទៀត៕
អត្ថបទ៖ ប៊ុត សារុន