ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី វាយតម្លៃខ្ពស់ ចំពោះការងារបញ្ជ្រាបយេនឌ័រ នៅតាមក្រសួង/ស្ថាប័ន មានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ

image

ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានវាយតម្លៃខ្ពស់ ចំពោះការងារសម្រេចបាន ពីមួយឆ្នាំទៅមួយឆ្នាំ របស់ក្រុមការងារជាតិកម្ពុជាដើម្បីស្ត្រី។ លោកស្រីថា គិតមកដល់ពេលនេះ កិច្ចការលើកកម្ពស់សមភាពយេនឌ័រជាពិសេសការងារបញ្ជ្រាបយេនឌ័រ នៅតាមក្រសួង/ស្ថាប័ននីមួយៗ មានភាពល្អប្រសើរច្រើន បើធៀបនឹងពេលចាប់ផ្តើមកន្លងមក។

លោកស្រីកិត្តិបណ្ឌិត មានប្រសាសន៍ដូចនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៦០ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាលើរបៀបវារៈចំនួន៤៖ ១.ពិនិត្យ និងសម្រេចលើសេចក្តីព្រាងរបាយការណ៍បូកសរុបឆ្នាំ២០២៥ និងលើកផែនការ សកម្មភាពការងារឆ្នាំ២០២៦ និងព្រឹត្តបត្រលេខ ២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី, ២. ពិភាក្សា លើកអនុសាសន៍ឆ្នាំ២០២៦ ដាក់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ៣. ពិនិត្យ និងសម្រេចការស្នើសុំប្រើប្រាស់ត្រាថ្មី របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និង៤. ផ្សេងៗ។
លោកស្រី អ៉ឹង កន្ថាផាវី បានចាត់ទុកកិច្ចប្រជុំនេះ បានប្រមូលធាតុចូលច្រើន ពីក្រុមការងារ ដើម្បីរៀបចំការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ឱ្យកាន់តែមានស័ក្តិសិទ្ធិភាព។

សូមជម្រាបថា រាជរដ្ឋាភិបាល បានចាត់ទុក ស្ត្រីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចសង្គម តាមរយៈការចូលរួមចំណែយ៉ាងសកម្ម ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ បច្ចុប្បន្នរាជរដ្ឋាភិបាល បានយកចិត្តទុក្ខដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ផ្តល់ឱកាសការងារ និងអត្ថប្រយោជន៍ដល់ស្ត្រីជាច្រើន នៅតាមក្រសួង ស្ថាប័នអង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណា ឲ្យមានការចូលរួមកាន់តែច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារ ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី