ព័ត៌មានអន្តរជាតិ

វៀតណាម ពិចារណាលុបចោលនូវពន្ធនាំចូលប្រេង ដើម្បីជួយរក្សាស្ថិរភាពទីផ្សារក្នុងស្រុក

image

វៀតណាម៖ ប្រទេសវៀតណាម កំពុងពិចារណាលុបចោលនូវពន្ធនាំចូលប្រេងឥន្ធនៈមួយចំនួន ដោយក្នុងនោះ រដ្ឋាភិបាលបានឱ្យដឹងថា ការសម្រេចចិត្តនេះបានធ្វើឡើង ខណៈសង្គ្រាមរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល ជាមួយអ៊ីរ៉ង់ កំពុងធ្វើឱ្យការផ្គត់ផ្គង់ប្រេងពិភពលោកប្រឈមភាពរអាក់រអួល និងរុញច្រានតម្លៃប្រេងឱ្យហក់ឡើងខ្ពស់បំផុត ពុំធ្លាប់មានចាប់តាំងពីឆ្នាំ ២០២២ ។

ក្រសួងហិរញ្ញវត្ថុវៀតណាម បានបញ្ជាក់កាលពីថ្ងៃទី៩ ខែមីនា ថា ខ្លួនបានរៀបចំសេចក្ដីព្រាងច្បាប់ថ្មីមួយ ដើម្បីកាត់បន្ថយពន្ធនាំចូលលើផលិតផលប្រេងមួយចំនួនឱ្យចុះមក ០% ដែលគោលបំណងសំខាន់នោះ គឺដើម្បីជួយរក្សាស្ថិរភាពទីផ្សារក្នុងស្រុក និងធានាសន្តិសុខថាមពលរបស់ជាតិ ។

ក្រសួងបានសង្កត់ធ្ងន់ថា ប្រសិនបើសង្គ្រាមនៅតែបន្ត ហើយមានការបិទខ្ទប់ច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក នឹងធ្វើឱ្យការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារអន្តរជាតិកាន់តែខ្វះខាត និងមានតម្លៃកាន់តែបន្ថែមទៀត។ ច្រកសមុទ្រនេះ គឺជាផ្លូវដែលប្រេងឆៅប្រហែល ២០% នៃពិភពលោកត្រូវឆ្លងកាត់ ។

ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងជាងមួយសប្ដាហ៍មុន តាមរយៈការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអ៊ែលទៅលើអ៊ីរ៉ង់ តម្លៃប្រេងនៅវៀតណាមបានហក់ឡើងយ៉ាងខ្លាំង ដែលបង្ខំឱ្យរដ្ឋាភិបាលដាក់ចេញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រងតម្លៃប្រេងក្នុងស្រុក ។

តម្លៃសាំងដែលប្រើប្រាស់ច្រើនបំផុត បានឡើងថ្លៃប្រហែល ២១% ក្នុងតម្លៃប្រហែល ២៧,០៤០ ដុងក្នុងមួយលីត្រ (ប្រមាណជា ១,០៣ ដុល្លារ) ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែកក្កដា ឆ្នាំ ២០២២។ ប្រសិនបើសេចក្ដីព្រាងច្បាប់នេះ បានអនុម័តជាផ្លូវការ វានឹងមានប្រសិទ្ធភាពអនុវត្តរហូតដល់ចុងខែមេសា ។

គួររំឭកថា វិបត្តិនៅតំបន់មជ្ឈិមបូព៌ានាពេលនេះ ក៏បានធ្វើឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកហក់ឡើងជិត ១២០ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននៅដើមឆ្នាំ ២០២២ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP via CNA | រូបភាព៖ Kham via Reuters/ Nhac Nguyen via AFP