រុស្ស៊ីដណ្តើមតំណែងកម្ពុជា ក្លាយជាប្រភពទេសចរធំទី៣ របស់វៀតណាម
វៀតណាម៖ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានស្ថិតិវៀតណាម បានឱ្យដឹងថា នៅក្នុងខែកុម្ភៈ ភ្ញៀវទេសចររុស្ស៊ី បានដណ្ដើមតំណែងកម្ពុជា ដោយក្លាយជាប្រភពភ្ញៀវទេសចរធំលំដាប់ទី៣ របស់វៀតណាម។ ចំនួនភ្ញៀវទេសចររុស្ស៊ីមានរហូតដល់ ១២១,៤៩៣ នាក់ ដែលកើនឡើងដល់ទៅ ៣៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ផ្ទុយទៅវិញ ចំនួនភ្ញៀវទេសចរមកពីប្រទេសកម្ពុជាមានចំនួន ៥៤,២០៥ នាក់ ដោយបានធ្លាក់ចុះប្រមាណជា ៧៥% បើធៀបនឹងខែមុន។ ការធ្លាក់ចុះនេះ បានធ្វើឱ្យកម្ពុជាធ្លាក់ចេញពីចំណាត់ថ្នាក់ពីលេខ ៣ មកនៅត្រឹមលេខ ៩ វិញ ។
កាលពីខែមុន វៀតណាមបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិសរុបជាង ២,២ លាននាក់ បើទោះបីជាចំនួននេះថយចុះ ៩,២% បើធៀបនឹងខែមុនក៏ពិតមែន ប៉ុន្តែវាបានកើនឡើង ១៧,៧% បើធៀបនឹងខែកុម្ភៈឆ្នាំមុន ។
សរុបរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៦ ចំនួនភ្ញៀវទេសចរបរទេសដែលចូលទៅលេងប្រទេសវៀតណាម មានចំនួនជិត ៤,៧ លាននាក់ ដោយកើនឡើង ១៨,១%។ ប្រទេសកូរ៉េខាងត្បូង បានវ៉ាដាច់ចិនដីគោក ដោយក្លាយជាទីផ្សារទេសចរណ៍ធំជាងគេបំផុតសម្រាប់វៀតណាម ជាមួយនឹងចំនួនភ្ញៀវជាង ៩៧១,០០០ នាក់ ខណៈចិនមានចំនួន ៩២២,០០០ នាក់ ។
អ្នកជំនាញក្នុងវិស័យទេសចរណ៍ យល់ឃើញថា កំណើនភ្ញៀវទេសចរនេះ ក៏ដោយសារតែវៀតណាមបានដាកចេញនូវគោលនយោបាយទិដ្ឋាការ (Visa) ថ្មីដែលផ្តល់ភាពងាយស្រួល, ការផ្សព្វផ្សាយទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត, ការបង្កើតផលិតផលទេសចរណ៍ចម្រុះ និងការកែលម្អគុណភាពសេវាកម្ម។ កាលពីឆ្នាំមុន វៀតណាមទទួលបានភ្ញៀវ ២១,២ លាននាក់ ហើយសម្រាប់ឆ្នាំនេះ ពួកគេបានដាក់គោលដៅទាក់ទាញភ្ញៀវឱ្យបាន ២៥ លាននាក់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ eVnExpress on MSN | រូបភាព៖ SG via eVnExpress on MSN/ Australian Hospitality Alumni