ព័ត៌មានជាតិ

អនុប្រធានទី១រដ្ឋសភាកម្ពុជា ស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ពិនិត្យឡើងវិញលក្ខខណ្ឌលក់យន្តហោះចម្បាំងឱ្យថៃ ដើម្បីរក្សាសន្តិភាពតំបន់ និងបង្ការការឈ្លានពាន

image

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាររវាង លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយ លោក យ៉ូន ហូដុក (Yoon Hu-Duk) ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ លោកកិត្តិសេដ្ឋាបណ្ឌិត បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ពិនិត្យឡើងវិញលើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងទៅឱ្យភាគីថៃ ដើម្បីធានាឱ្យបាននូវសន្តិភាពក្នុងតំបន់ និងជៀសវាងការប្រើប្រាស់អាវុធក្នុងសកម្មភាពឈ្លានពាន។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបញ្ជាក់យ៉ាងច្បាស់ៗទៅកាន់សមភាគីកូរ៉េខាងត្បូង ថា ជំហរជាដាច់ខាតរបស់កម្ពុជា គឺការកសាងសន្តិភាពជាមួយប្រទេសជិតខាង រួមទាំងប្រទេសថៃផងដែរ។ទោះជាយ៉ាងណា កម្ពុជា បដិសេធដាច់អហង្ការចំពោះរាល់សកម្ម ភាពឈ្លានពាន និងការប្រើប្រាស់កម្លាំងអាវុធមកលើទឹកដីខ្លួន។

ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាថា ចំណងមិត្តភាពកម្ពុជា-កូរ៉េដែលមានអាយុកាល ៥៥ឆ្នាំមកនេះ បានចាក់គ្រឹះយ៉ាងរឹងមាំ។ ភាគីទាំងពីរ បានប្ដេជ្ញាពង្រឹង “ការទូតសភា” និងជំរុញ “ភាពជាដៃគូយុទ្ធសាស្ត្រ” ឱ្យកាន់តែស៊ីជម្រៅ ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល។

តាមរយៈជំនួបពិភាក្សាការងាររវាងលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងលោក យ៉ូន ហូដុក នៅថ្ងៃនេះ មានកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើន ផ្សេងទៀតដែលត្រូវបានលើកយកមកពិភាក្សា រួមមាន៖
-ហេដ្ឋារចនាសម្ព័ន្ធ៖ កម្ពុជា ស្នើឱ្យកូរ៉េជួយពន្លឿនគម្រោង“ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ” ដែលជានិមិត្តបរូបនៃមិត្តភាពដ៏រឹងមាំ។
-សេដ្ឋកិច្ច និងវិនិយោគ៖ ភាគីកូរ៉េស្នើសុំកម្ពុជាជួយសម្រួលដល់ធុរកិច្ចរបស់ក្រុម ហ៊ុនកូរ៉េជាង ២០០ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ព្រមទាំងសន្យាជំរុញលំ ហូរ វិនិយោគិន និងទេសចរកូរ៉េឱ្យមកកម្ពុជាកាន់តែច្រើន។
-កម្លាំងពលកម្ម និងការអប់រំ៖ កម្ពុជាស្នើឱ្យកូរ៉េបង្កើនការទទួលពលករ និងផ្តល់អាហារូបករណ៍ផ្នែកជំនាញបច្ចេកទេសដល់និស្សិតកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
-សន្តិសុខឌីជីថល៖ កម្ពុជា បង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។

លោក យ៉ូន ហូដុក បានកោតសរសើរចំ ពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និងបានសន្យាជំរុញឱ្យរដ្ឋាភិបាលកូរ៉េការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករកម្ពុជាឱ្យបានពេញលេញ៕

អត្ថបទ៖ វង សុភ័ក្ត្រ