ទីប្រឹក្សារាជរដ្ឋាភិបាល នាំយកអំណោយកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ៤០០កញ្ចប់ និងផ្លែល្មើ១០០កេស ជូនសាសនិកឥស្លាមនៅខេត្តរតនគិរី
រតនគិរី៖ លោក ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋ ចំនួន៤០០គ្រួសារ ដែលជាអំណោយ ពីអគ្គនាយកដ្ឋានគរុភណ្ឌសាសនា នៃក្រសួងគរុភណ្ឌសាសនា និងកិច្ចការឥស្លាម នៃរដ្ឋកាតា និងផ្លែល្មើ ១០០កេស ជាព្រះរាជអំណោយព្រះចៅសាសម៉ាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ជូនសាសនិកឥស្លាមខេត្តរតនគិរី។
ពិធីនេះ មានការអញ្ជើញចូលរួមពីលោក ទេស សាមីន សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី តំណាង លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី និងលោក មែ វាសនា អភិបាលរងស្រុកកូនមុំ។
ក្នុងឱកាសនេះ លោក បានថ្លែងថា អង្គការសប្បុរធម៌កាតា បានផ្តល់ជំនួយកញ្ចប់អាហារស្រាយបួសជូនសហគមន៍ឥស្លាមកម្ពុជា តាមរយៈអង្គការ CMDF ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយឆ្នាំនេះ មានចំនួន ១០០០កញ្ចប់ និងមានក្រសួងគរុភ័ណ្ឌសាសនា និងកិច្ចការឥស្លាមកាតា (AWQAF) បានផ្តល់ជូន ចំនួន១៥០០កញ្ចប់ ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងខែបួសរ៉ាម៉ាឌន។ ជាពិសេសជាងនេះទៅទៀត នៅឆ្នាំ២០២៦នេះ មជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ព្រះចៅ សាល់ម៉ាន ពិនអាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត បានផ្តល់ជំនួយមនុស្សធម៌កញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ៨៨៥០កញ្ចប់, ផ្លែល្មើ ចំនួន២៥តោន និងក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីត ក៏ផ្តល់ជូនផ្លែល្មើចំនួន ៥តោន ផងដែរ។
លោក ណាសៀត អូស្មាន បានលើកឡើងបន្ថែម ថា អំណោយដែលផ្តល់ជូននាពេលនេះ មិនអាចជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់សប្បុរសជននៃប្រទេសឥស្លាមនានា ក្នុងនាមឥស្លាមដូចគ្នា។ អ្វីដែលសំខាន់នោះ ប្រជាពលរដ្ឋត្រូវខិតខំប្រកបមុខរបស់ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ។
លោក ណាសៀត អូស្មាន បានបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រែប្រែងដឹកនាំប្រទេសយ៉ាងខ្លាំងខ្លា ធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធា សេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត រក្សាបាននូវសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយគ្មានការរើសអើងពូជសាសន៍ និង ជម្លោះសាសនាឡើយ។
លោក ណាសៀត អូស្មាន បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕
អត្ថបទ ៖ ប៉េស សារី