ព័ត៌មានអន្តរជាតិ

មនុស្សខ្ទង់ ៦,០០០ នាក់ក្នុងទីក្រុងឡុងដ៍ ចេញដើរដង្ហែក្បួនទ្រង់ទ្រាយធំ ដើម្បីប្រឆាំងនឹងការវាយប្រហារលើអ៊ីរ៉ង់

image

អង់គ្លេស៖ មនុស្សខ្ទង់ ៦,០០០ នាក់ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីចុងសប្ដាហ៍កន្លងទៅ បានដើរដង្ហែក្បួនទ្រង់ទ្រាយធំ ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល ទៅលើប្រទេសអ៊ីរ៉ង់។ ក្រុមអ្នកតវ៉ា បានទាមទារឱ្យមានការបញ្ឈប់អរិភាពជាបន្ទាន់ ដោយលើកឡើងថា សង្គ្រាមនេះកំពុងសម្លាប់ជនស៊ីវិល និងកុមារស្លូតត្រង់ច្រើនពេកហើយ ។

ក្រុមអ្នកតវ៉ា បានរិះគន់យ៉ាងខ្លាំងទៅលើគោលនយោបាយក្រៅប្រទេសរបស់អាម៉េរិក និងសម្ព័ន្ធមិត្ត ដោយចោទប្រកាន់ថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ធ្វើឡើងដើម្បីតែផលប្រយោជន៍សេដ្ឋកិច្ច និងនយោបាយ ខណៈប្រជាជនសាមញ្ញគឺជាអ្នករងគ្រោះយ៉ាងពិតប្រាកដ។ ពួកគេក៏ បានរិះគន់រដ្ឋាភិបាលអង់គ្លេសដូចគ្នាដែរ ចំពោះការចូលរួមក្នុងសង្គ្រាមដែលអ្នកតវ៉ាចាត់ទុកថាខុសច្បាប់ ។

ក្នុងអំឡុងការតវ៉ា ក៏ស្រាប់តែលេចមុខក្រុមអ្នកតវ៉ាពីរក្រុមដែលមានមតិផ្ទុយគ្នា ពោលគឺក្រុមអ្នកដែលកាន់រូបថតមេដឹកនាំអ៊ីរ៉ង់បច្ចុប្បន្ន និងក្រុមអ្នកគាំទ្ររបបអ៊ីរ៉ង់ពីសម័យមុន។ ទោះបីជាមានគំនិតផ្ទុយគ្នា ប៉ុន្តែគោលដៅរួមរបស់ក្រុមអ្នកតវ៉ាភាគច្រើន គឺជាការទាមទារឱ្យមានសន្តិភាព និងបញ្ឈប់នូវរាល់សកម្មភាពអរិភាព ។

ស្ថានភាពនេះ កើតឡើងក្រោយការវាយប្រហាររួមគ្នារបស់អាម៉េរិក និងអ៊ីស្រាអ៊ែល លើអ៊ីរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ អ៉ាយ៉ាតុលា អាលី ខាមីនី កាលពីចុងខែកុម្ភៈ។ ព្រឹត្តិការណ៍នេះ បានរុញច្រានឱ្យអ៊ីរ៉ង់វាយបកសងសឹកវិញ និងធ្វើឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូលស្ថិតក្នុងសភាពដ៍គ្រោះថ្នាក់បំផុតពុំធ្លាប់មាន ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.