តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកហក់ឡើងជិត ១២០ ដុល្លារក្នុងមួយបារ៉ែល ជុំវិញសង្គ្រាមនៅមជ្ឈិមបូព៌ា
សិង្ហបុរី៖ តម្លៃប្រេងពិភពលោក បានហក់ឡើងខ្ពស់បំផុតក្នុងកំណត់ត្រាថ្មីមួយ ដោយកើនឡើងជាង ២៥% នៅថ្ងៃចន្ទនេះ។ កំណើនតម្លៃនេះ បណ្ដាលមកពីការព្រួយបារម្ភថា សង្គ្រាមនៅតំបនមជ្ឈិមបូព៌ា នឹងធ្វើឱ្យការផ្គត់ផ្គង់ប្រេងពិភពលោកត្រូវកាត់ផ្តាច់ ពិសេសតាមរយៈការបិទច្រកសមុទ្រហ័រមូស ។
ប្រទេសផលិតប្រេងធំៗដូចជា អ៊ីរ៉ាក់ និងគុយវ៉ែត បានបង្ខំចិត្តកាត់បន្ថយការផលិតប្រេងយ៉ាងច្រើន ដោយសារតែពួកគេមិនអាចដឹកប្រេងចេញទៅលក់នៅបរទេសបាន។ ការកកស្ទះនូវការដឹកជញ្ជូននេះ បានធ្វើឱ្យអ្នកទិញនៅតំបន់អាស៊ីដែលពឹងផ្អែកលើប្រេងពីតំបន់នោះ ប្រឈមនឹងកង្វះខាតថាមពលយ៉ាងខ្លាំង ។
ក្នុងនោះដែរ តម្លៃប្រេងឆៅប្រភេទប្រ៊ែន (Brent) បានកើនឡើងតម្លៃជិត ២៥ ដុល្លារ ឬ ២៧% ដោយមានតម្លៃ ១១៧.៦៥ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងប្រភេទ WTI របស់អាម៉េរិកបានឡើងដល់ ១១៦.៦២ ដុល្លារ។ អ្នកវិភាគព្យាករណ៍ថា តម្លៃនេះអាចនឹងបន្តឡើងដល់ ១២០ ឬ ១៣០ ដុល្លារក្នុងមួយបារ៉ែល ក្នុងរយៈពេលដ៏ខ្លីខាងមុខ ប្រសិនបើស្ថានភាពនៅច្រកសមុទ្រ ហ័រមូស មិនទាន់ធូរស្រាល ។
ស្ថានការណ៍នយោបាយនៅអ៊ីរ៉ង់ ហាក់កាន់តែតានតឹង បន្ទាប់ពីលោក ម៉ូចតា បា ខាមីនី (Mojtaba Khamenei) ដែលត្រូវជាកូនប្រុសរបស់លោក អាលី ខាមីនី ទទួលបានការតែងតាំងជាមេដឹកនាំកំពូលថ្មី។ ការណ៍នេះ បង្ហាញថា អ៊ីរ៉ង់នឹងមិនចុះញ៉មចំពោះសម្ពាធរបស់អាម៉េរិកឡើយ ហើយនឹងបន្តយុទ្ធសាស្ត្របិទច្រកសមុទ្រ និងវាយប្រហារលើទីតាំងប្រេងរបស់ប្រទេសជិតខាងដែលជាសម្ព័ន្ធមិត្តអាម៉េរិក ព្រមទាំងធ្វើឱ្យគោលដៅផ្លាស់ប្តូររបបពីសំណាក់លោក ដូណាល់ ត្រាំ កាន់តែពិបាក ហើយសង្គ្រាមអាចនឹងអូសបន្លាយ ។
អ្នកជំនាញ បានធ្វើការព្រមានថា បើទោះបីជាសង្គ្រាមអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗក៏ដោយ ក៏ពិភពលោកនឹងត្រូវបន្តប្រើប្រាស់ប្រេងក្នុងតម្លៃថ្លៃរាប់សប្តាហ៍ ឬរាប់ខែទៅមុខទៀត។ មូលហេតុគឺដោយសារតែហេដ្ឋារចនាសម្ព័ន្ធប្រេងជាច្រើនត្រូវបានបំផ្លាញ និងត្រូវការពេលវេលាយូរដើម្បីជួសជុលឱ្យដំណើរការឡើងវិញ ។
នៅសហរដ្ឋអាម៉េរិក សមាជិកព្រឹទ្ធសភាជាន់ខ្ពស់ បានអំពាវនាវឱ្យប្រធានាធិបតី ដូណាល់ ត្រាំ បញ្ចេញប្រេងបម្រុងយុទ្ធសាស្ត្ររបស់ជាតិ ដើម្បីជួយឱ្យតម្លៃប្រេងធ្លាក់ចុះ និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាជនអាម៉េរិក ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាមនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via Yahoo News | រូបភាព៖ Reuters/ Benoit Tessier via Reuters/ AFP