រដ្ឋមន្ត្រីការបរទេសចិន៖ អាម៉េរិកនិងចិន គួរតែរៀនរស់នៅជាមួយគ្នាដោយសន្តិវិធី ទោះមានមនោគមវិជ្ជាខុសគ្នាក៏ដោយ
ចិន៖ នៅក្នុងសន្និសីទសារព័ត៌មានកាលពីចុងសប្ដាហ៍កន្លងទៅ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជំរុញឱ្យសហរដ្ឋអាម៉េរិក និងចិន បើកចិត្តឱ្យទូលាយក្នុងការពិភាក្សា និងគោរពគ្នាទៅវិញទៅមក ដើម្បីជៀសវាងការវាយតម្លៃខុស និងប៉ះទង្គិចគ្នាដោយបញ្ហាណាមួយ។ លោកយល់ឃើញថា មហាអំណាចទាំងពីរ គួរតែរៀនរស់នៅជាមួយគ្នាដោយសន្តិវិធី ទោះបីជាមានមនោគមវិជ្ជាខុសគ្នាក៏ដោយ។
ចំពោះវិបត្តិនៅមជ្ឈិមបូព៌ាឯណោះវិញ ចិនបានបង្ហាញជំហរប្រឆាំងយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់កម្លាំងយោធាពីសំណាក់អាម៉េរិក និងអ៊ីស្រាអ៊ែល។ លោក វ៉ាង យី បានព្រមានថា សង្គ្រាមមានតែបង្កើនការស្អប់ខ្ពើម និងភាពវឹកវរដល់ពិភពលោកតែប៉ុណ្ណោះ ហើយលោកបានទាមទារឱ្យមានការឈប់បាញ់ជាបន្ទាន់ ។
ទន្ទឹមនឹងការផ្តល់ដំបូន្មានដល់អាម៉េរិក ចិនក៏បានបង្ហាញពីភាពជិតស្និទ្ធមិនអាចបំបែកបានជាមួយរុស្ស៊ីផងដែរ ដោយលោកបានបញ្ជាក់ថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងទីក្រុងប៉េកាំង និងមូស្គូ គឺផ្អែកលើសមភាព និងផលប្រយោជន៍រួម ដែលជាគំរូនៃទំនាក់ទំនងអន្តរជាតិ ។
ដោយឡែក ដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសចិននៅចុងខែមីនា ត្រូវគេមើលឃើញថាជាឱកាសដ៏សំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងរវាងមហាអំណាចទាំងពីរ បន្ទាប់ពីទំនាក់ទំនងបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ CGTN/ Andy Wong via AFP