ពលរដ្ឋហ្វីលីពីន បន្តធ្វើការនិងរស់នៅអ៊ីស្រាអ៊ែល ព្រោះដើម្បីបន្តរកប្រាក់ចំណូល និងជឿជាក់លើប្រព័ន្ធការពារ
អ៊ីស្រាអ៊ែល៖ ទោះបីជាសង្គ្រាមរវាងអ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ កាន់តែមានសភាពក្តៅគគុក និងបានសម្លាប់ពលករហ្វីលីពីនម្នាក់ក៏ដោយ ប៉ុន្តែពលរដ្ឋហ្វីលីពីនរាប់ពាន់នាក់ផ្សេងទៀត នៅតែសម្រេចចិត្តបន្តស្នាក់នៅ និងធ្វើការក្នុងទីក្រុងតែលអាវីវ ប្រទេសអ៊ីស្រាអ៊ែល ដោយសារតែពួកគេមានទំនុកចិត្តខ្ពស់លើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអ៊ែល ។
ពលករដែលបម្រើការងារជាអ្នកថែទាំ និងបុគ្គលិកសណ្ឋាគារ បានបង្ហាញភាពស៊ាំទៅនឹងការរស់នៅក្នុងស្ថានភាពសង្គ្រាម ដោយពួកគេដឹងច្បាស់ពីរបៀបការពារខ្លួន និងការចូលទៅក្នុងទីជម្រកសុវត្ថិភាពឱ្យបានទាន់ពេលវេលា នៅពេលមានការប្រកាសអាសន្នពីការវាយប្រហារតាមអាកាស ។
កត្តាសេដ្ឋកិច្ច គឺជាមូលហេតុចម្បងដែលធ្វើឱ្យពួកគេមិនចង់ចាកចេញ ដោយក្នុងនោះ ពលករក្នុងចំណោមនោះ យល់ឃើញថា ការធ្វើការក្នុងប្រទេសអ៊ីស្រាអ៊ែលផ្តល់ចំណូលខ្ពស់ ដែលអាចជួយទ្រទ្រង់ជីវភាពគ្រួសារបានប្រសើរជាងការត្រឡប់ទៅប្រទេសកំណើតវិញ ដែលកំពុងជួបបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចស្រាប់ ។
បច្ចុប្បន្ន រដ្ឋាភិបាលហ្វីលីពីន បានដាក់ចេញនូវវិធានការការពារជាបន្តបន្ទាប់ រួមទាំងការរៀបចំទីជម្រកសុវត្ថិភាពបន្ថែម។ ទោះជាយ៉ាងណាក៏ដោយ ការជម្លៀសខ្លួនជាកាតព្វកិច្ចមិនទាន់បានធ្វើឡើងនៅឡើយទេ ដោយរង់ចាំមើលការប្រែប្រួលនៃកម្រិតគ្រោះថ្នាក់ពីកម្រិតលេខ ៣ ទៅលេខ ៤ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY