អភិបាលរាជធានីភ្នំពេញបានណែនាំអាជ្ញាធរ កុំសន្តិភាព«បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបង្ក្រាបឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន»
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានណែនាំអាជ្ញាធរ កុំសន្តិភាព «បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបង្ក្រាបឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន»។ ពួកគេអាចជ្រកនៅទីតាំងដែលយេីងនឹកស្មានមិនដល់ក៏អាចថាបាន។ ដូច្នេះសូមអាជ្ញាធរខណ្ឌ និងកងកម្លាំងទាំងអស់ត្រូវត្រួតពិនិត្យ និងបោសសម្អាតឱ្យបានដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។ ការណែនាំបែបនេះបានធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារ បង្ក្រាប និងបោសសម្អាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា តាមផែនការរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឱ្យធ្វើការបង្រ្កាប បោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៦។ ដូច្នេះនៅពេលតែ១
សប្តាហ៍ទៀតប៉ុណ្ណោះ ដើម្បីអនុវត្តផែនការនេះឱ្យទទួលបានជោគជ័យ។ កន្លងមកនេះអនុវត្តការងារនេះបានល្អប្រសើរហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី កុំសន្តិភាពពេក ពួកគេអាចជ្រកនៅតាមទីតាំងមួយចំនួន ដែលយើងនឹកស្មានមិនដល់។ ជាមួយនឹងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)នេះហើយ ល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញឿន ក៏ត្រូវបន្តបោសសម្អាតផងដែរ ដើម្បីបង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។ ឥឡូវយើងកំពុងតែដើរលើផ្លូវត្រូវហើយ សូមបន្តដើរលើផ្លូវនេះទៅមុខទៀត សំដៅធ្វើយ៉ាងណា ឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គ្មាននៅក្នុងមូលដ្ឋានរបស់យើងគ្រប់គ្រង។
ក្នុងឱកាសនោះលោកអភិបាលរាជធានី ក៏បានធ្វើការកោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីនិងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ព្រមទាំងកងកម្លាំងសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលបានធ្វើការងារបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះកន្លងមកទទួលបានជោគជ័យល្អ។
តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាទទួលយកសេដ្ឋកិច្ចពណ៌ ស មិនទទួលយកសេដ្ឋកិច្ចពណ៌ប្រផេះ និងខ្មៅ ដាច់ខាត។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្ដេចធិបតីក៏បានលេីកឡេីងថាការបោសសម្អាត Scam Online នៅកម្ពុជា មិនមែនបញ្ចប់ត្រឹមតែខែមេសាចូលឆ្នាំនោះឡើយ គឺបន្តធ្វើជាប់ជាប្រចាំ។
ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរ និងកងកម្លាំងទាំងអស់ នៅពេលអនុវត្តការងារនៃប្រតិបត្តិការណ៍បង្រ្កាបបោសសម្អាត (ONLINE SCAMS) ត្រូវតែម៉ត់ចត់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជៀសវាងមានបញ្ហាគ្រោះថ្នាក់ផ្តើមពីការទ្វេសប្រហែសនេះ។ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវតែអស់នៅពាក់កណ្តាលខែមីនាឆ្នាំ២០២៦។ ចំពោះការងារបន្ត គឺអាជ្ញាធរខណ្ឌនីមួយៗ ត្រូវបន្តម្ចាស់ការ ក្នុងត្រួតពិនិត្យបង្រ្កាប និងបោសសម្អាតឱ្យបានដូចភ្លៀងរលឹម។
ជាមួយគ្នានោះដែរ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌត្រូវធ្វើការណែនាំបន្តដល់ក្រុមប្រឹក្សាសង្កាត់ មេភូមិ មេក្រុមចូលរួមបង្រ្កាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ បន្ថែមពីនេះខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោនិងខណ្ឌដូនពេញ ដែលមានកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់កម្មកររោងចក្រ ត្រូវចុះទៅសាកសួរសុខទុក្ខគាត់ពីជីវភាពរស់នៅរបស់គាត់។ ក្រោយបញ្ចប់យុទ្ធនាការនេះទៅធានាថាស្អាតគ្មាន (ONLINE SCAMS) គ្រឿងញៀនក៏ត្រូវធ្វើរួមគ្នាធ្វើយ៉ាងណារាជធានីភ្នំពេញក្លាយជាតំបន់ស៕