សម្តេច ម៉ែន សំអន៖ ទិវាអន្តរជាតិ ៨មីនាឆ្នាំនេះ បង្ហាញអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព សន្តិសុខសម្រាប់ស្ត្រីក្រុមគ្រួសារ
កំពត៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” និងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ដែលមានពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ នាសាលសន្និសីទបូកគោ សាលាខេត្តកំពត។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ប្រធានបទនេះក៏មានគោលបំណងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំងដែលមានផលអវិជ្ជមានដល់ស្ត្រី និងគ្រួសារ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ទន្ទឹមនឹងនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងាររបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតកន្លងមក ដែលទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ទាំងការងារសង្គម ការងារជួយដល់ស្ត្រីនិងកុមារ ពិសេសការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ពជួរមុខ និងជនភៀសសិកផងដែរ៕
អត្ថបទ៖ វង្ស សុធារម្យ