អគ្គនាយក ក.ប.ប ព្រមានផាកពិន័យយ៉ាងតិច ៤លានរៀល និងដកអាជ្ញាប័ណ្ណចំពោះស្ថានីយ និងដេប៉ូលក់ប្រេងដំឡើងថ្លៃខុសប្រក្រតី ខណៈអំពាវនាវឱ្យពលរដ្ឋជឿលើរាជរដ្ឋាភិបាល ក្នុងការធានាផ្គត់ផ្គង់ទីផ្សារ និងកុំជ្រួលច្របល់
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានព្រមានដាក់វិធានការផាកពិន័យយ៉ាងតិច ៤លានរៀល និងអាចឈានដល់ការដកអាជ្ញាប័ណ្ណអាជីវកម្ម ចំពោះស្ថានីយ ឬដេប៉ូចែកចាយប្រេងឥន្ធនៈណា ដែលលក់ដំឡើងថ្លៃខុសពីសេចក្តីជូនដំណឹងរបស់ក្រសួង។ ជាមួយគ្នានេះ អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប ក៏អំពាវនាវឱ្យប្រជាពលរដ្ឋ រក្សាការស្ងប់ស្ងាត់ និងជឿជាក់លើការធានាសន្និធិប្រេងឥន្ធនៈរបស់រាជរដ្ឋាភិបាល ដោយកុំសម្រុកទិញស្តុកលើសតម្រូវការ។
ការព្រមាននេះ ធ្វើឡើងខណៈក្រុមការងារ ក.ប.ប បានចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅទូទាំងប្រទេសជាង ២០០គោលដៅ គិតត្រឹមម៉ោង ២រសៀលថ្ងៃនេះ ដើម្បីទប់ស្កាត់ការលក់ដំឡើងថ្លៃ និងការបំពានលើបទប្បញ្ញត្តិ។ នេះបើតាមលោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប បានប្រាប់ CNC នៅល្ងាចថ្ងៃសៅរ៍នេះ។
លោក គឹម មាសសុខសីហា បានឲ្យដឹងថា តាមលទ្ធផលត្រួតពិនិត្យបឋម ក្រុមការងារបានរកឃើញថា ស្ថានីយ និងដេប៉ូភាគច្រើននៅតែលក់ប្រេងតាមតម្លៃដែលក្រសួងបានកំណត់។ ទោះជាយ៉ាងណា មាន ដេប៉ូចំនួន ៥៤ទីតាំង បានបិទទ្វារ ដោយអះអាងថា មិនមានប្រេងផ្គត់ផ្គង់សម្រាប់លក់។
លោកបន្តថា ក្នុងពេលជាមួយគ្នា ក្រុមការងារ ក៏បានចុះពិនិត្យនៅគោលដៅមួយចំនួនដែលមានការចែករំលែកតាមបណ្តាញសង្គមថា មានការលក់ប្រេងឡើងថ្លៃ រួមមាន ខេត្តបាត់ដំបង ២ទីតាំង, សៀមរាប ២ទីតាំង, កំពង់ចាម ១ទីតាំង, កំពង់ធំ ១ទីតាំង និងបន្ទាយមានជ័យ ១ទីតាំង។ ទោះយ៉ាងណា នៅពេលក្រុមការងារចុះដល់ទីតាំងទាំងនោះ ស្ថានីយ និងដេប៉ូទាំងនោះបានបិទទ្វារ មិនដំណើរការអាជីវកម្ម ដោយបញ្ជាក់ថា មិនមានប្រេងសម្រាប់លក់។
ទន្ទឹមនឹងនេះ លោក ក៏បានក្រើនរំលឹកដល់ម្ចាស់ស្ថានីយ និងដេប៉ូទាំងអស់ ត្រូវគោរពតាមសេចក្តីជូនដំណឹងរបស់ក្រសួង និងកុំឆ្លៀតឱកាសលក់ដំឡើងថ្លៃ ដើម្បីចៀសវាងការទទួលពិន័យ និងការបាត់បង់ទំនុកចិត្តពីអ្នកប្រើប្រាស់។
លោកអគ្គនាយក ក.ប.ប បានបញ្ជាក់ថា៖ «ក្រុមការងារ នឹងបន្តឃ្លាំពិនិត្យ បើរកឃើញករណីបំពាន ក.ប.ប នឹងដាក់វិធានការពិន័យអន្តរការណ៍ជាប្រាក់យ៉ាងតិច ៤លានរៀល និងអាចដកអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត ផ្អាកដំណើរការអាជីវកម្មបណ្តោះអាសន្ន»។
ជាមួយគ្នានេះ លោក ក៏សំណូមពរ ឲ្យប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការធានានូវសន្និធិគ្រប់គ្រាន់សម្រាប់ផ្គង់ផ្គង់ទីផ្សារ ខណៈកម្ពុជា មានចរន្តផ្គត់ផ្គង់ជាច្រើនច្រក ដូច្នេះសូមកុំឲ្យមានចលាចល។
សម្រាប់ប្រជាពលរដ្ឋដែលមានចម្ងល់ ឬសង្កេតឃើញបាតុភាពមិនប្រក្រតី អាចរាយការណ៍ទៅកាន់ លេខទូរស័ព្ទបន្ទាន់ ១២៦៦ របស់ក្រសួងពាណិជ្ជកម្ម ឬតាម Facebook Page ផ្លូវការ របស់ក្រសួង និងរបស់អគ្គនាយកដ្ឋាន ក.ប.ប ឬ តាមកម្មវិធីបណ្តឹងរបស់ ក.ប.ប តាម App Store របស់ Androi ឬ IOS: ccf complaint app៕