ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំង ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះជនឆ្លៀតឱកាសដំឡើងថ្លៃសាំង និងទំនិញទូទៅមិនស្របតាមតម្លៃទីផ្សារ

image

កំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះជនទាំងឡាយណា ដែលឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ ឬទំនិញទូទៅ មិនស្របតាមតម្លៃទីផ្សារ ឬតម្លៃកំណត់ដោយក្រសួងពាក់ព័ន្ធ។
លោកអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរជំនាញ សមត្ថកិច្ច និងមន្ត្រីអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ នាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៦។


លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីសមត្ថកិច្ច អាជ្ញាធរ អ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ចំពោះការដំឡើងថ្លៃប្រេងឥន្ធនៈតាមស្ថានីយ៍ ក៏ដូចជាតម្លៃទំនិញទូទៅក្នុងខេត្ត និងមូលដ្ឋានផ្ទាល់។ ហើយត្រូវចាត់វិធានការចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មានប្រឌិត ព័ត៌មានក្លែងក្លាយ ដែលអាចប៉ះពាល់ដល់ស្ថិរភាពសង្គម។


លោកអភិបាលខេត្ត បញ្ជាក់ថា ករណីមានជនឆ្លៀតឱកាស ដំឡើងថ្លៃប្រេងឥន្ធនៈ ឬតម្លៃទំនិញទូទៅ មិនស្របតាមតម្លៃទីផ្សារ ឬតម្លៃដែលបានកំណត់ដោយក្រសួងពាក់ព័ន្ធ សូមផ្តល់ព័ត៌មានមកលោកផ្ទាល់ ឬមន្ទីរពាណិជ្ជកម្ម និងមន្ត្រីអាជ្ញាធរ ដើម្បីទប់ស្កាត់ និងមានវិធានការផ្លូវច្បាប់៕