ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ព្រោះអាចបង្កហានិភ័យឆាបឆេះ និងប៉ះពាល់សុវត្ថិភាព ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់ការឆ្លៀតឱកាសលក់ដំឡើងថ្លៃខុសប្រក្រតី
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់សាធារណជន ក្រុមហ៊ុនចែកចាយ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ឱ្យអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេសក្នុងការលក់ និងស្តុកទុកប្រេងឥន្ធនៈ ដើម្បីគ្រប់គ្រងហានិភ័យ និងធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ព្រមទាំងរក្សានិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅតាមស្ថានីយ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ការស្តុកប្រេងឥន្ធនៈដោយមិនសមស្របតាមលក្ខណៈស្តង់ដាបច្ចេកទេស អាចបង្កហានិភ័យដល់សន្តិសុខ និងសុវត្ថិភាពអ្នកប្រើប្រាស់។ ដូច្នេះ ក្រសួងបានអំពាវនាវឱ្យម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តអនុវត្តតាមស្តង់ដា និងក្រមប្រតិបត្តិដែលត្រូវបានអនុវត្តជាទូទៅ ដើម្បីគ្រប់គ្រងហានិភ័យឱ្យបានល្អ។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមប្រើប្រាស់ប្រេងឥន្ធនៈដោយមានការសន្សំសំចៃ និងយោគយល់ចំពោះការខិតខំប្រឹងប្រែងរបស់ស្ថានីយលក់ប្រេងឥន្ធនៈ ក្នុងការគ្រប់គ្រងហានិភ័យ និងធានាការផ្គត់ផ្គង់។ ក្រសួងក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចៀសវាងការសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសពីតម្រូវការចាំបាច់ ព្រោះអាចបង្កហានិភ័យឆាបឆេះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ទន្ទឹមនឹងនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង របស់ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្ម និងមន្ទីររ៉ែ និងថាមពល តាមបណ្តារាជធានី-ខេត្ត កំពុងបន្តចុះតាមដាន និងត្រួតពិនិត្យការលក់ប្រេងឥន្ធនៈជាប្រចាំ ដើម្បីធានាឱ្យស្ថានីយប្រេងឥន្ធនៈអនុវត្តតាមលក្ខណៈស្តង់ដាបច្ចេកទេស និងទប់ស្កាត់ការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតី។
ក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់សាធារណជន ក្រុមហ៊ុនចែកចាយ និងម្ចាស់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់ ឱ្យចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាសុវត្ថិភាព ស្ថិរភាពទីផ្សារ និងការផ្គត់ផ្គង់ប្រេងឥន្ធនៈឱ្យមានភាពប្រក្រតី៕