ព័ត៌មានអន្តរជាតិ

ប្រទេសឈីលី ហាមឃាត់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកក្នុងសាលារៀន ដើម្បីពង្រឹងវិស័យអប់រំ

image

ឈីលី៖ ចាប់ផ្តើមឆ្នាំសិក្សា ២០២៦ នេះ សិស្សរាប់ពាន់នាក់នៅក្នុងប្រទេសឈីលី បានចាប់ផ្តើមរៀនសូត្រក្រោមច្បាប់ថ្មីមួយ ដែលមានការហាមឃាត់នូវការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនៅក្នុងថ្នាក់រៀន។ ឥឡូវនេះ ទូរសព្ទស្មាតហ្វូន មិនត្រូវបានអនុញ្ញាតឱ្យកាន់ក្នុងដៃទៀតនោះទេ ប៉ុន្តែត្រូវទុកដាក់ក្នុងទីកន្លែងសុវត្ថិភាព (Safekeeping) ឬនៅក្នុងកាបូបស្ពាយផ្ទាល់ខ្លួន ។

ច្បាប់ថ្មីនេះ មិនមែនសំដៅតែលើស្មាតហ្វូនប៉ុណ្ណោះទេ ប៉ុន្តែវារួមបញ្ចូលទាំងថេប្លេត (Tablets) និងនាឡិកាឆ្លាតវៃ (Smartwatches) ផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺច្បាប់នេះអនុវត្តចំពោះមនុស្សគ្រប់គ្នានៅក្នុងបរិវេណសាលា រាប់ចាប់ពីសិស្សានុសិស្ស គ្រូបង្រៀន រហូតដល់បុគ្គលិករដ្ឋបាល ។

សភាជាតិឈីលី បានអនុម័តច្បាប់នេះតាំងពីចុងឆ្នាំ ២០២៥ មកម្ល៉េះ ដោយគោលបំណងសំខាន់បំផុតគឺ ដើម្បីឱ្យសិស្សមានការផ្តោតអារម្មណ៍កាន់តែល្អក្នុងម៉ោងរៀន បង្កើនទំនាក់ទំនងសង្គមរវាងមិត្តភក្តិ និងកាត់បន្ថយការញៀននឹងបច្ចេកវិទ្យា ។

ទោះបីជាយ៉ាងណាក៏ដោយ គ្រូបង្រៀនបានលើកឡើងថា ភាពជោគជ័យនៃច្បាប់នេះ មិនមែនអាស្រ័យលើតែការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវការនូវភាពស្មោះត្រង់ពីសិស្ស និងការអនុវត្តជាក់ស្តែងពីគ្រូផងដែរ។ ច្បាប់នេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែកុម្ភៈ ២០២៦ ហើយចាប់ផ្តើមអនុវត្តពេញលេញនៅពេលបើកបវេសនកាលនេះ ។

សាលារៀននីមួយៗ មានពេលរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ ដើម្បីកែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនឱ្យស្របតាមច្បាប់ថ្មី។ ក្រសួងអប់រំឈីលី បានចាត់ទុកថា នេះគឺជាផ្នែកមួយនៃផែនការធំ ដើម្បីលើកកម្ពស់គុណភាពអប់រំ និងសកម្មភាពរៀនសូត្ររបស់សិស្សឱ្យកាន់តែសកម្ម ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ [AP Photo/Esteban Felix, File]