លោកត្រាំ សរសើរទំនាក់ទំនងជាមួយវេណេហ្ស៊ូអេឡា និងអះអាងថា គុយបាជាគោលដៅបន្ទាប់ ក្រោយបញ្ចប់វិបត្តិនៅអ៊ីរ៉ង់
សហរដ្ឋអាម៉េរិក៖ អំឡុងសុន្ទរកថា កាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញពីគោលនយោបាយការបរទេសមួយជំហានម្តងៗ ដោយលោកបញ្ជាក់ថាអាម៉េរិកត្រូវផ្តោតលើការដោះស្រាយវិបត្តិបច្ចុប្បន្ន (ទំនងជាសំដៅដល់អ៊ីរ៉ង់) ឱ្យចប់សិន ទើបអាចបន្តទៅដោះស្រាយបញ្ហាជាមួយប្រទេសគុយបាជាបន្តទៀតបាន។ លោកមិនចង់បង្ខំចិត្តដោះស្រាយបញ្ហាជាច្រើនក្នុងពេលតែមួយនោះទេ ដោយខ្លាចថា ការប្រញាប់ប្រញាល់ពេកនឹងបង្កឱ្យមានផលវិបាកទៅវិញ ។
លោកបានរៀបរាប់បន្តថា ការរក្សានូវភាពប្រុងប្រយ័ត្នបែបនេះ គឺដើម្បីធានាថា «រឿងមិនល្អ» នឹងមិនកើតឡើងចំពោះសហរដ្ឋអាម៉េរិកនោះឡើយ។ លោក ត្រាំ យល់ថា ការដោះស្រាយបញ្ហាអន្តរជាតិត្រូវការភាពអត់ធ្មត់ និងការរៀបចំឱ្យបានត្រឹមត្រូវ ដើម្បីរក្សាស្ថិរភាព និងផលប្រយោជន៍ជាតិ ។
លើសពីនេះ លោកបានលើកឡើងពីភាពជោគជ័យនៃទំនាក់ទំនងថ្មីជាមួយប្រទេសវេណេហ្ស៊ូអេឡា តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យប្រេង។ លោកអះអាងថា ភាពជាដៃគូនេះកំពុងនាំមកនូវភាពរុងរឿងផ្នែកសេដ្ឋកិច្ចដល់ប្រទេសទាំងពីរ ក្រោមការដឹកនាំថ្មីរបស់ប្រធានាធិបតីវេណេហ្ស៊ូអេឡា លោកស្រី ឌែលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodriguez) ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ CNBC on MSN/ ABC News/ [AP: Ramon Espinosa]/ CNBC TV18