ព័ត៌មានអន្តរជាតិ

ទោះភាគីជម្លោះនៅមជ្ឈិមបូព៌ាអះអាងថាវាយប្រហារតែទីតាំងយោធាក៏ដោយ តែពលរដ្ឋសាមញ្ញនៅតែរងគ្រោះធ្ងន់ធ្ងរ

image

មជ្ឈិមបូព៌ា៖ ជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា បានឈានដល់កម្រិតដ៏គ្រោះថ្នាក់បំផុតមួយ ដោយការវាយប្រហារតាមអាកាសបានជះឥទ្ធិពលដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនស៊ីវិលនៅទាំងទីក្រុងតេហ៍រ៉ង់ នៃប្រទេសអ៊ីរ៉ង់ និងជាយក្រុងបេរូត នៃប្រទេសលីបង់ ក៏ដូចជាតំបន់ជាច្រើនទៀត។ ទោះបីជាមានការអះអាងពីភាគីប្រយុទ្ធថាពួកគេកំណត់គោលដៅលើទីតាំងយោធាក៏ដោយ ប៉ុន្តែតាមជាក់ស្តែង អគារលំនៅដ្ឋាន ហាងទំនិញ និងតំបន់រស់នៅរបស់ពលរដ្ឋសាមញ្ញ បានក្លាយជាគោលដៅរងគ្រោះយ៉ាងធ្ងន់ធ្ងរ ។

នៅទីក្រុងតេហ៍រ៉ង់ គ្រាប់មីស៊ីលបានធ្លាក់ចំទីតាំងដ៏មមាញឹក អង់ហ្គេឡាប ស្ឃ្វ៊ែ (Enghelab Square) បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើន ខណៈហាងកាហ្វេ និងអគារស្នាក់នៅជុំវិញរងនូវការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង។ សាក្សីនៅឯទីកន្លែងកើតហេតុបានពណ៌នាពីភាពភ័យខ្លាចនៃសម្លេងផ្ទុះ និងទិដ្ឋភាពនៃការបាត់បង់អាយុជីវិតរបស់ជនស៊ីវិលដែលមិនដឹងរឿងអ្វីសោះ ខណៈកម្លាំងជួយសង្គ្រោះកំពុងព្យាយាមជួយអ្នកដែលនៅរស់រានមានជីវិតពីគ្រោះថ្នាក់ដែលបង្កឡើងដោយការវាយប្រហារជាបន្តបន្ទាប់ ។

ដោយឡែក នៅជាយក្រុងបេរូតឯណោះវិញ ស្ថានការណ៍កាន់តែតានតឹង ដោយសារតែគេបង្ខំឱ្យប្រជាជនចាកចោលផ្ទះសម្បែងភ្លាមៗដោយមិនទុកពេលវេលាគ្រប់គ្រាន់ឱ្យឡើយ ហើយគេថែមទាំងប្រើវិធីតេចូលទូរសព្ទ ដើម្បីគំរាមឱ្យប្រជាជនរស់នៅដោយភាពភ័យខ្លាចគ្រប់ពេលវេលាទៀតផង។ ការវាយប្រហារមិនត្រឹមតែបំផ្លាញផ្ទះសម្បែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាចគ្រប់ពេលវេលា ដោយសារតែពួកគេមិនដឹងថា តើទីតាំងណា ឬនៅពេលណាដែលនឹងត្រូវរងនូវគោលដៅវាយប្រហារជាបន្ទាប់ ។

ផលប៉ះពាល់មនុស្សធម៌នៃជម្លោះនេះគឺមានទំហំធំធេង ដោយការវាយប្រហារនៅតាមតំបន់ជាច្រើននាពេលនេះ បានបង្ហាញយ៉ាងច្បាស់ថា ទោះបីជាមានការប្រកាសពីគោលដៅយោធាក៏ដោយ ក៏ប្រជាជនស៊ីវិលដែលគ្មានអាវុធ និងគ្មានកំហុស នៅតែជាអ្នកដែលរងគ្រោះខ្លាំងជាងគេបំផុតពីសង្គ្រាមមួយនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT's videos.