ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស នៅតែបញ្ជាក់ជំហរថា ការមិនចូលរួមក្នុងវាយប្រហារលើអ៊ីរ៉ង់ គឺជារឿងត្រឹមត្រូវ

image

អង់គ្លេស៖ ថ្លែងចេញពីទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីអង់គ្លេស លោក គែរ ស្តារម័រ (Keir Starmer) នៅតែបញ្ជាក់ពីគោលជំហររបស់ខ្លួនថា ការមិនចូលរួមក្នុងប្រតិបត្តិការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែលទៅលើប្រទេសអ៊ីរ៉ង់ «គឺជារឿងត្រឹមត្រូវ» ។

ទោះបីជាលោក ដូណាល់ ត្រាំ បានរិះគន់ និងមើលងាយដល់ភាពជាអ្នកដឹកនាំរបស់លោកយ៉ាងណាក៏ដោយ ក៏លោក ស្តារម័រ (Starmer) រក្សាគោលជំហរថា អង់គ្លេសនៅតែផ្តល់អាទិភាពលើដំណោះស្រាយតាមរយៈការទូត ។

ទោះយ៉ាងណាក៏ដោយ លោក ស្តារម័រ (Starmer) បានទទួលស្គាល់ថា ស្ថានការណ៍បានវិវត្តទៅមុខ ដោយសារតែអ៊ីរ៉ង់បានវាយប្រហារទៅលើប្រទេសចំនួន ១០ ផ្សេងទៀត។ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ អង់គ្លេសបានសម្រេចចិត្តបញ្ជូនយន្តហោះចម្បាំងថាយហ្វ៊ូន (Typhoon) ចំនួន ៤គ្រឿងបន្ថែមទៀតទៅកាន់មូលដ្ឋាននៅកាតា ដើម្បីពង្រឹងសមត្ថភាពការពារក្នុងតំបន់ ។

ទាក់ទងនឹងភាពតានតឹងរវាងមេដឹកនាំទាំងពីរ លោក ស្តារម័រ (Starmer) បានច្រានចោលការសង្ស័យដែលថា «ទំនាក់ទំនងពិសេសរវាងអង់គ្លេស និងអាម៉េរិកមានបញ្ហា»។ លោកបានអះអាងយ៉ាងច្បាស់ថា ភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសទាំងពីរ នៅតែបន្តដំណើរការយ៉ាងរឹងមាំដដែល ទោះបីជាមានការខ្វែងគំនិតគ្នាបន្តិចបន្តួចលើបញ្ហាយោធាក៏ដោយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ [Jonathan Brady/Pool via AP]/ Tolga Akmen—Getty Images/ Reuters/ Al Jazeera