មេដឹកនាំកាណាដា និងអូស្ត្រាលី បញ្ជាក់ថា ពួកគេនឹងមិនចូលរួមក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ានោះទេ
កាណាដា-អូស្ត្រាលី៖ ថ្លែងក្នុងសន្និសីទរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានី (Anthony Albanese) នៅក្នុងទីក្រុងកង់ប៉េរ៉ា (Canberra) កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានបញ្ជាក់ថា កាណាដានឹងមិនចូលរួមក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ាឡើយ ។
លោកបានបែងចែកឱ្យដាច់ស្រឡះថា កាណាដាមិនគាំទ្រសកម្មភាព «វាយប្រហារ» របស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែលដែលមិនបានពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តនោះទេ ប៉ុន្តែលោកក៏បានបញ្ជាក់ថា កាណាដានឹងការពារសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ ប្រសិនបើសភាពការណ៍ឈានដល់កម្រិតចាំបាច់ ។
មេដឹកនាំទាំងពីរនៃប្រទេសកាណាដា និងអូស្ត្រាលី បានសង្កត់ធ្ងន់ថា ទោះបីជាចង់ឱ្យជម្លោះមានការថយចុះក៏ដោយ ប៉ុន្តែគោលដៅសំខាន់បំផុតគឺត្រូវតែរារាំងអ៊ីរ៉ង់មិនឱ្យមានសមត្ថភាពបង្កើតអាវុធនុយក្លេអ៊ែរ និងបញ្ឈប់ការគាំទ្រអំពើភេរវកម្ម។ នេះជាលក្ខខណ្ឌដ៏តឹងរ៉ឹងមួយដែលប្រទេសទាំងពីរដាក់ចេញ ដើម្បីអាចឈានទៅរកការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ ។
ទោះបីជាលោក ត្រាំ និងអ៊ីស្រាអ៊ែលបានចោទប្រកាន់ និងវាយប្រហារលើអ៊ីរ៉ង់យ៉ាងណាក៏ដោយ ក៏អ៊ីរ៉ង់នៅតែបដិសេធរាល់ការចោទប្រកាន់ជុំវិញមហិច្ឆតានុយក្លេអ៊ែរ ហើយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ក៏បានបញ្ជាក់ដែរថា គ្មានភស្តុតាងណាមួយដែលបង្ហាញថា អ៊ីរ៉ង់កំពុងផលិតអាវុធនុយក្លេអ៊ែរនោះទេ។ ជម្លោះនេះនៅតែបន្តស្ថិតក្នុងភាពតានតឹង បន្ទាប់ពីកិច្ចចរចាការទូតរវាងអាម៉េរិក និងអ៊ីរ៉ង់មិនទទួលបានលទ្ធផលផ្លែផ្កា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ [Adrian Wyld/The Canadian Press via AP]/ Getty Images