ព័ត៌មានអន្តរជាតិ

ក្រោយអាម៉េរិកគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអេស្ប៉ាញ ចិនលើកឡើងថា ពាណិជ្ជកម្មមិនគួរត្រូវបានយកមកធ្វើជាអាវុធឡើយ

image

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានថ្កោលទោសសហរដ្ឋអាម៉េរិក ដែលបានគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសអេស្ប៉ាញ បន្ទាប់ពីទីក្រុងម៉ាឌ្រីដបដិសេធមិនអនុញ្ញាតឱ្យអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីវាយប្រហារលើប្រទេសអ៊ីរ៉ង់ ។

អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ ទី៤ ខែមីនា លោកស្រីបានសង្កត់ធ្ងន់ថា «ការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអ៊ែលលើអ៊ីរ៉ង់ គឺផ្ទុយនឹងច្បាប់អន្តរជាតិ ហើយពាណិជ្ជកម្មមិនគួរត្រូវបានយកមកប្រើប្រាស់ជាឧបករណ៍ ឬអាវុធឡើយ» ។

រឿងរ៉ាវនេះ កើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េដ្រូ សាន់ចេហ្ស (Pedro Sanchez) បានប្រកាសយ៉ាងដាច់ណាត់ថា ប្រតិបត្តិការយោធារបស់អាម៉េរិក-អ៊ីស្រាអ៊ែល គឺជាការរំលោភបំពានលើច្បាប់អន្តរជាតិ ដូចនេះ អេស្ប៉ាញ មិនអនុញ្ញាតឱ្យអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួននោះទេ ដោយលើកឡើងពីធម្មនុញ្ញអង្គការសហប្រជាជាតិ ។

ក្នុងពេលជាមួយគ្នា ចិនក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់សកម្មភាពយោធាជាបន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹង ខណៈដែលច្រកសមុទ្រហ័រមូស (Hormuz) ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រហែល ២០% នៃពិភពលោក កំពុងស្ថិតនៅក្នុងហានិភ័យ ។

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសបិទផ្លូវទឹកខាងលើ ហើយព្រមានថា នាវាណាក៏ដោយដែលហ៊ានឆ្លងកាត់ទីនោះ នឹងត្រូវរងការវាយប្រហារដោយមីស៊ីល ឬដ្រូន។ ជុំវិញបញ្ហានេះ លោកស្រី ម៉ៅ នីង (Mao Ning) បានបន្ថែមថា រដ្ឋាភិបាលចិនកំពុងខិតខំជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់ជម្លោះ ដោយរហូតមកដល់ពេលនេះ មនុស្សប្រហែល ៤៧០នាក់ត្រូវបានជម្លៀសរួចហើយ។ ជម្លោះនេះ បានផ្ទុះឡើងខ្លាំង បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមីនី (Ayatollah Ali Khamenei) ដោយនាំឱ្យមានការវាយប្រហារតបតគ្នានៅទូទាំងតំបន់ឈូងសមុទ្រ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Cryptopolitan/ REUTERS/Mike Blake