ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី Starmer៖ អង់គ្លេស មិនចូលរួមសង្គ្រាមទាំងស្រុងជាមួយអាម៉េរិកនោះទេ តែប្តេជ្ញាការពារពលរដ្ឋខ្លួន និងជួយទប់ស្កាត់ការវាយប្រហារពីអ៊ីរ៉ង់

image

អង់គ្លេស៖ ភាពតានតឹងបានកើតឡើងរវាងនាយករដ្ឋមន្ត្រីអង់គ្លេស លោក គែរ ស្តារម័រ (Keir Starmer) និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បន្ទាប់ពីមេដឹកនាំអាម៉េរិករូបនេះ បានរិះគន់លោក ស្តារម័រ (Starmer) ថាខ្វះសមត្ថភាពដឹកនាំ ព្រោះតែមិនព្រមឱ្យអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេសសម្រាប់វាយប្រហារអ៊ីរ៉ង់។ លោកត្រាំ (Trump) បានលើកឡើងដោយចំអកឱ្យលោក ស្តារម័រ (Starmer) ថាជាអ្នកដឹកនាំមួយរូបដែលគ្មានឥទ្ធិពល ។
ថ្លែងទៅកាន់សមាជិកសភា អំឡុងស្ថិតនៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃពុធ លោកស្តារម័រ (Starmer) បានបដិសេធចំពោះការរិះគន់នេះ ដោយលោកបានពន្យល់ថា មូលហេតុដែលលោកមិនព្រមឱ្យអង់គ្លេសចូលរួមក្នុងសង្គ្រាមទាំងស្រុង គឺដោយសារតែលោកយល់ឃើញថា មិនមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងផែនការយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់សកម្មភាពយោធានេះទេ ។
ទោះជាយ៉ាងណាក៏ដោយ លោក ស្តារម័រ (Starmer) បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង់គ្លេសក្នុងការការពារពលរដ្ឋរបស់ខ្លួន ដោយលោកបានអនុញ្ញាតឱ្យយន្តហោះអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេសមួយចំនួន ក្នុងគោលបំណងការពារខ្លួនតាមរយៈការវាយកម្ទេចសមត្ថភាពវាយប្រហាររបស់អ៊ីរ៉ង់ ព្រមទាំងដាក់ពង្រាយយន្តហោះយោធា ក៏ដូចជាពង្រឹងសមត្ថភាពនិងបច្ចេកវិទ្យាយោធានៅដែនកោះសាយប្រឺស (Cyprus) ដើម្បីទប់ស្កាត់ការវាយប្រហារនៅក្នុងតំបន់ ។
ជម្លោះពាក្យសម្តីនេះ បង្ហាញពីភាពមិនចុះសម្រុងគ្នារវាងសម្ព័ន្ធមិត្តទាំងពីរ ជុំវិញយុទ្ធសាស្ត្រយោធាក្នុងការដោះស្រាយវិបត្តិជាមួយអ៊ីរ៉ង់។ ខណៈលោកត្រាំ (Trump) ចង់បានការគាំទ្រពេញទំហឹងពីអង់គ្លេស លោក ស្តារម័រ (Starmer) បញ្ជាក់ថា អង់គ្លេសនឹងមិនចូលរួមក្នុងសង្គ្រាមនោះឡើយ ប្រសិនបើគ្មានផែនការច្បាស់លាស់ និងគោរពតាមគោលការណ៍ច្បាប់ត្រឹមត្រូវ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ PA via Sky News/ Daily Mail/ AP via News 18.