អភិបាលខេត្តព្រៃវែង ជំរុញឲ្យអាជ្ញាធរក្រុងស្រុកទាំងអស់ ត្រូវទប់ស្កាត់ឲ្យបាននូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងពន្លឿននៃការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ
ព្រៃវែង៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦
បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ដោយលោក បានជំរុញឲ្យអាជ្ញាធរក្រុងស្រុកទាំងអស់ ត្រូវចុះពិនិត្យតាមដាន និងក្តាប់ឲ្យបានគ្រប់ទីកន្លែងនៅក្នុងមូលដ្ឋានរបស់ខ្លួន ទាំងផ្ទះសំណាក់ សណ្ឋាគារ ក៏ដូចជាផ្ទះជួលដែលមានការប្រមូលផ្តុំជួបជុំគ្នាច្រើន ឬទីកន្លែងដែលសង្ស័យនានា ដើម្បីចូលរួមទប់ស្កាត់ឲ្យបាននូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ឲ្យអស់នៅក្នុងទឹកដីនៃខេត្តព្រៃវែង ដើម្បីធានាដល់ការរស់នៅសុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រូវពន្លឿននៃការចុះធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ ។
នៅក្នុងកិច្ចប្រជុំនោះដែរ លោកអភិបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលក្រុងស្រុកឃុំសង្កាត់ទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងអនុវត្តឲ្យបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនប្រកបដោយរស់នៅដោយភាពកក់ក្តៅ៕
អត្ថបទ៖ មិន ភក្តី