ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតថ្មីអូទ្រីសប្រចាំកម្ពុជា ប្ដេជ្ញាជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ ខណ:នៅពេលខាងមុខ ធុរជនអូទ្រីសជាង ១០ក្រុមហ៊ុន នឹងមកកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគ

image

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីអូទ្រីសប្រចាំកម្ពុជា ប្ដេជ្ញាចិត្ដជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ ខណ:នៅពេលខាងមុខ ធុរជនអូទ្រីសជាង ១០ក្រុមហ៊ុន នឹងមកកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគ។

ការលើកឡើងបែបនេះនាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅព្រឹកថ្ងៃទី៤ មីនា ឆ្នាំ២០២៦នេះ នាវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិកម្ពុជា រាជធានីភ្នំពេញ។

យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹង ថា នៅក្នុងជំនួបនោះសម្ដេចតេជោ បានសម្ដែងការស្វាគមន៍ចំពោះលោកស្រី ក្នុងដំណើរបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអូទ្រីសប្រចាំព្រះរាជាណាចក្រកម្ពុជា ។ សម្ដេចតេជោចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់លោកស្រីមកកាន់តំណែងជាឯកអគ្គរដ្ឋទូតនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា អូទ្រីស បានផ្ដល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីស។ សម្ដេចតេជោសង្ឃឹមថា ក្នុងបេសកកម្មរបស់លោកស្រីនឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអូទ្រីសកាន់តែរីកចម្រើនបន្តទៀត។

នៅក្នុងជំនួបនេះ លោកស្រី Katharina WIESER បានសម្ដែងការអរគុណចំពោះ សម្ដេចតេជោ ដែលអនុញ្ញាតឱ្យលោកស្រីបានជួបសម្ដែងការគួរសម និងប្រគល់សារតាំងជូននាឱកាសនេះ ក្នុងបេសកកម្មរបស់លោកស្រីជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា ។ លោកស្រី បានប្ដេជ្ញាចំពោះមុខសម្ដេចតេជោ ដោយខិតខំប្រឹងប្រែងក្នុងការពូនជ្រុំ នូវទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីស ឱ្យកាន់តែរីកចម្រើន។លោកស្រីបានលើកឡើងថា ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ពោល គឺចាប់តាំងពីឆ្នាំ១៩៥៦ មក ប្រទេសទាំងពីរបានបង្កើតនូវទំនាក់ទំនងជាមួយគ្នា ហើយទំនាក់ទំនងកន្លងមកនេះ គឺមានភាពល្អប្រសើរ ដោយភាគីទាំងពីរជឿជាក់គ្នាទៅវិញទៅមក ។

ក្នុងឱកាសនោះ លោកស្រី ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការបន្ថែម ទាំងនៅក្នុងក្របខណ្ឌនយោបាយ ជាពិសេស គឺក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ លោកស្រី នឹងខិតខំប្រឹងប្រែងក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូទ្រីស ឱ្យកាន់តែមានការកើនឡើង។ លោកស្រី បានបង្ហើបថា នៅពេលខាងមុខនឹងមានធុរជនរបស់អូទ្រីសប្រមាណ ១០ក្រុមហ៊ុន នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ ។

ជាការឆ្លើយតប សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើងរបស់លោកស្រីឯកអគ្គរដ្ឋទូតទាក់ទងនឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអូទ្រីសដែលមានរយៈកាល ៧០ឆ្នាំ ដែលសម្ដេចតេជោ ចាត់ទុកថាជាទំនាក់ទំនងមួយដែលមានដំណើរដ៏វែងឆ្ងាយ ។
សម្ដេចតេជោបានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រីក្នុងការពង្រីកនូវពាណិជ្ជកម្មរវាងកម្ពុជា និងអូទ្រីសឱ្យកាន់តែមានការកើនឡើង ជាពិសេស គឺទាក់ទងទៅនឹងការវិនិយោគ ដែលសម្ដេចតេជោសាទរចំពោះគម្រោងធុរជនរបស់អូទ្រីសប្រមាណ១០ក្រុមហ៊ុន គ្រោងមកកាន់ប្រទេសកម្ពុជា នាពេលខាងមុខនោះ។

សម្ដេចតេជោសង្ឃឹមខ្ពស់ថា តាមរយៈធុរជន រួមទាំងតាមរយៈការប្ដេជ្ញាចិត្តរបស់លោកស្រីក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មីរបស់អូទ្រីសប្រចាំនៅកម្ពុជា នឹងនាំឱ្យទំនាក់ទំនងផ្នែកនយោបាយ ជាពិសេស ទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនបន្តទៀត។

នៅក្នុងឱកាសនោះ សម្ដេចតេជោ បានចែករំលែកទៅលើបញ្ហាប្រឈមដ៏ស្មុគស្មាញរបស់ពិភពលោក នាពេលបច្ចុប្បន្នជាមួយលោកស្រីឯកអគ្គរដ្ឋទូតផងដែរ ហើយក៏ឆ្លៀតឱកាសពន្យល់អំពីស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលកើតឡើងកន្លងមក ហើយពេលនេះ ប្រទេសទាំងពីរកំពុងតែខិតខំប្រឹងប្រែងក្នុងការធ្វើយ៉ាងណា អនុវត្តនូវបទឈប់បាញ់ឱ្យបានល្អប្រសើរ ក្នុងការធានានូវស្ថិរភាពតាមព្រំដែន និងការដោះស្រាយបញ្ហាដោយផ្អែកទៅលើទិដ្ឋភាពច្បាប់ និងការចរចាគ្នា៕

អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង,ប៉ក់ សុឃីម