រដ្ឋមន្ត្រីការបរទេសអាម៉េរិក បដិសេធថា អ៊ីស្រាអ៊ែលមិនមែនជាអ្នកអូសទាញលោក ដូណាល់ ត្រាំ ឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ឡើយ
សហរដ្ឋអាម៉េរិក៖ ជុំវិញរបាយការណ៍មួយចំនួនដែលបានលើកឡើងថា ការសម្រេចចិត្តរបស់អាម៉េរិកក្នុងការវាយប្រហារលើអ៊ីរ៉ង់ មានជាប់ពាក់ព័ន្ធនឹងផែនការរបស់អ៊ីស្រាអ៊ែល។ ជាការបកស្រាយបន្ថែម រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) និយាយថា អ៊ីស្រាអ៊ែលមិនមែនជាអ្នកអូសទាញលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់នោះទេ។ រដ្ឋមន្ត្រីរូបនេះ បញ្ជាក់ថា ប្រតិបត្តិការយោធានាពេលថ្មីៗនេះ គឺជាការសម្រេចចិត្តដោយផ្ទាល់របស់សហរដ្ឋអាម៉េរិក ព្រោះអ៊ីរ៉ង់មិនទទួលបានការអនុញ្ញាតឱ្យមានអាវុធនុយក្លេអ៊ែរបានឡើយ ។
លោក រូប៊ីយ៉ូ (Rubio) បានបញ្ជាក់ថា គោលដៅសំខាន់របស់អាម៉េរិក គឺបំផ្លាញមីស៊ីល, ទីកន្លែងបាញ់មីស៊ីល និងសមត្ថភាពផលិតមីស៊ីល រួមទាំងកងទ័ពជើងទឹករបស់អ៊ីរ៉ង់។ លោកបានបន្ថែមថា បើអាម៉េរិកមិនចាប់ផ្តើមវាយប្រហារមុននោះទេ អ៊ីរ៉ង់អាចនឹងក្លាយជាប្រទេសដែលមិនអាចប៉ះពាល់បានក្នុងរយៈពេលមួយ ឬមួយឆ្នាំកន្លះខាងមុខ ដោយសារតែពួកគេមានមីស៊ីល និងដ្រូនយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
ជុំវិញសំណួរពីអ្នកសារព័ត៌មានដែលចោទសួរថា «តើអាម៉េរិកវាយប្រហារព្រោះខ្លាចក្រែងថា អ៊ីស្រាអ៊ែលធ្វើសកម្មភាពមុនឬ»? លោក រូប៊ីយ៉ូ (Rubio) បានឆ្លើយតបថា ទោះបីជាមាន ឬមិនមានការចូលរួមពីអ៊ីស្រាអ៊ែលក៏ដោយ ក៏ប្រតិបត្តិការនេះនៅតែត្រូវតែធ្វើឡើងដដែល។ លោកបានសង្កត់ធ្ងន់ថា នាពេលចុងសប្តាហ៍ គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ធ្វើប្រតិបត្តិការរួមគ្នា ដើម្បីទទួលបានជោគជ័យខ្ពស់បំផុត ។
លោកក៏បានរៀបរាប់ដែរថា លោកប្រធានាធិបតីត្រាំ (Trump) បានសម្រេចចិត្តវាយប្រហារជាមុន ដើម្បីការពារជីវិតយោធា និងប្រជាជនអាម៉េរិក។ លោកបញ្ជាក់ថា អាម៉េរិកមិនចង់រង់ចាំរហូតដល់ត្រូវគេវាយប្រហារមុន ហើយទើបឆ្លើយតបនោះទេ ។
លោករដ្ឋមន្ត្រីការបរទេស រូប៊ីយ៉ូ (Rubio) បានចោទប្រកាន់ថា រដ្ឋាភិបាលអ៊ីរ៉ង់ មានបំណងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយលាក់ខ្លួននៅក្រោមកម្មវិធីមីស៊ីល និងដ្រូន។ លោកបានព្រមានថា ប្រសិនបើមិនធ្វើសកម្មភាពនៅពេលនេះទេ ពិភពលោកអាចនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរជាងនេះនៅពេលអនាគតជាក់ជាមិនខានឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ AFP/ [Amir Cohen/Reuters on CNN]/ AFP/WANA/Majid Asgaripour on CNA