លោកជំទាវ ចម និម្មល៖ អាស៊ានត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ចំពេលមានការប្រែប្រួលសេដ្ឋកិច្ចសកល និងការកំណត់រចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា អាស៊ានត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ចំពេលមានការប្រែប្រួលសេដ្ឋកិច្ចសកល ការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយ និងការកំណត់រចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ។
ការថ្លែងឲ្យដឹងបែបនេះរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងកម្មពិធី Networking Cocktails នាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ មុនបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦។
លោកជំទាវ ចម និម្មល បានលើកឡើងថា កម្ពុជាបានអំពាវនាវឱ្យមានការវិនិយោគក្នុងអាស៊ានកាន់តែច្រើន និងសមាហរណកម្មខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ខ្លាំងជាងមុន តាមរយៈសក្តានុពលសេដ្ឋកិច្ចផ្ទៃក្នុងរបស់ប្លុកនេះនៅតែត្រូវបានប្រើប្រាស់តិចជាងមុន ទោះបីជាមានការរីកចម្រើននាពេលថ្មីៗនេះក៏ដោយ។
លោកជំទាវ បានបន្តថា ការវិនិយោគក្នុងស្រុកបានកើនឡើង ៤៥% ក្នុងឆ្នាំ២០២៤ ដល់ ៣១ ពាន់លានដុល្លារអាម៉េរិក ខណៈដែលវានៅតែតំណាងឱ្យត្រឹមតែ ១៤% នៃការវិនិយោគផ្ទាល់ពីបរទេសសរុបនៅក្នុងអាស៊ាន ដែលទាបជាង ៦០% របស់សហភាពអឺរ៉ុប។ ដូច្នេះការប្រៀបធៀបនេះ បានសបញ្ជាក់អំពីសក្តានុពលដែលមិនអាចប្រើប្រាស់បានដ៏សំខាន់ដែលនៅតែមាននៅក្នុងអាស៊ាន ដោយជំរុញឱ្យរដ្ឋជាសមាជិកពង្រីកខ្សែសង្វាក់តម្លៃក្នុងតំបន់ និងធ្វើឱ្យសមាហរណកម្មស៊ីជម្រៅ។
លោកជំទាវ ចម និម្មល បានគូសបញ្ជាក់ពីតម្រូវការក្នុងការកាត់បន្ថយរបាំងមិនមែនពន្ធ ដែលធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងភ័ស្តុភារ និងឌីជីថល និងក្របខ័ណ្ឌឈានមុខ ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានលើទំនិញ និងកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាននាពេលខាងមុខ។
លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តអ្នកវិនិយោគឱ្យស្វែងរកឱកាសក្នុងវិស័យផលិតកម្ម កសិ-កែច្នៃ ថាមពលបៃតង និងសេដ្ឋកិច្ចឌីជីថល ស្របពេលដែលប្រទេសកម្ពុជា មិនត្រឹមតែផ្តល់ទីផ្សារក្នុងស្រុកចំនួន ១៧លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកផ្លូវទៅកាន់អ្នកប្រើប្រាស់ចំនួន ៦៧០លាននាក់ របស់អាស៊ានផងដែរ។ លោកជំទាវ ក៏បានជំរុញឱ្យធុរកិច្ចបង្វែរកិច្ចសន្ទនាកិច្ចប្រជុំកំពូលទៅជាការវិនិយោគជាក់ស្តែង និងការបណ្តាក់ទុនរួមគ្នា ដើម្បីកសាងសេដ្ឋកិច្ចក្នុងតំបន់ដែលរឹងមាំ និងរួមបញ្ចូលគ្នាកាន់តែច្រើន។
ក្នុងឱកាសនោះដែរ, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានថ្លែងថា កិច្ចប្រជុំកំពូលនេះនឹងប្រែទៅជាលទ្ធផលពាណិជ្ជកម្មជាក់ស្តែង និងដៃគូបណ្តាក់ទុនរួមគ្នារយៈពេលវែង ដោយសង្កត់ធ្ងន់ថា កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ។
អ្នកឧកញ៉ា គិត ម៉េង បានបន្តថា ចំណុចសំខាន់នៃកិច្ចពិភាក្សាក្នុងឆ្នាំនេះគឺយុទ្ធសាស្ត្រ “បូកមួយ” របស់កម្ពុជា ដែលដាក់ព្រះរាជាណាចក្រកម្ពុជាជាទិសដៅបំពេញបន្ថែមសម្រាប់ក្រុមហ៊ុន ដែលស្វែងរកការធ្វើពិពិធកម្មប្រតិបត្តិការក្នុងអាស៊ាន។ អ្នកឧកញ៉ា បានលើកទឹកចិត្តឱ្យប្រតិភូអន្តរជាតិ មើលឃើញថាប្រទេសកម្ពុជា មិនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្របូកមួយ ដោយលើកឡើងពីច្បាប់វិនិយោគទំនើបរបស់ប្រទេស ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងការរួមបញ្ចូលឌីជីថលយ៉ាងឆាប់រហ័ស។
អ្នកឧកញ៉ា គូសបញ្ជាក់ថា ប្រទេសកម្ពុជាឈរនៅចំណុចប្រសព្វមួយ ដែលសមាហរណកម្មក្នុងតំបន់ឆ្លើយតបទៅនឹងការច្នៃប្រឌិតក្នុងស្រុក ខណៈដែលអាស៊ានពង្រឹងតួនាទីរបស់ខ្លួនជាសសរស្តម្ភដ៏ធន់នៃកំណើនសេដ្ឋកិច្ចពិភពលោក។ ខណៈដែលកម្ពុជាបានកំណែទម្រង់បទប្បញ្ញត្តិវិនិយោគ ការតភ្ជាប់ភ័ស្តុភារ និងការផ្លាស់ប្តូរឌីជីថលបានបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា និងពង្រឹងតួនាទីរបស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់។
សូមបញ្ជាក់ថា កិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច នឹងផ្តោតលើសក្តានុពលអាស៊ាន និង «យុទ្ធសាស្ត្រកម្ពុជា» ដោយយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមមាន៖ ឧស្សាហកម្មបៃតង និងការធ្វើពិពិធកម្ម៖ “ការបង្កើនសក្តានុពលសម្រាប់របត់ថ្មី៖ ថាមពលស្អាត ការគ្រប់គ្រងដីធ្លី និងការផលិតដែលមានតម្លៃខ្ពស់”; នវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា៖ “ការធ្វើសុខដុមនីយកម្មគយ ពន្ធដារ ឡូជីស្ទីក និងប្រព័ន្ធ; អេកូឡូស៊ីហិរញ្ញវត្ថុ ដើម្បីកំណើនអាជីវកម្ម”; សមាហរណកម្មតំបន់៖ “កំណើនហួសពីព្រំដែន៖ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងទេសចរណ៍”; ការវិវត្តនៃកម្លាំងពលកម្ម៖ “ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពិភពលោកទំនើប”៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អេង សុគុណ, លឹម មុនី និងអ៊ុន ផាន់ណាត