សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ខណៈពេលដែលយើងកំពុងធ្វើដំណើរឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ យើងត្រូវតែទទួលស្គាល់ថា សេដ្ឋកិច្ចពិភពលោកបានផ្លាស់ប្តូរ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "ខណៈពេលដែលយើងកំពុងធ្វើដំណើរឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ យើងត្រូវតែទទួលស្គាល់ថា សេដ្ឋកិច្ចពិភពលោកបានផ្លាស់ប្តូរ"។ នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៦ នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា "ពិភពលោកសព្វថ្ងៃនេះកំពុងប្រឈម ហើយបញ្ហាប្រឈមសកលកាន់តែខ្លាំងឡើង រួមទាំងភាពមិនប្រាកដប្រជា ផ្នែកសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងភាពតានតឹង ភូមិសាស្ត្រនយោបាយកើនឡើង ទាំងអស់នេះគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ និង ពិភពលោក។ សម្រាប់អាស៊ាន ការអភិវឌ្ឍទាំងនេះបង្ហាញពីតម្រូវការក្នុងការពង្រឹងភាពធន់ក្នុងតំបន់តាមរយៈសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ ពិពិធកម្មថាមពល និងយន្តការសម្របសម្រួលវិបត្តិកាន់តែប្រសើរឡើង"។
សម្តេចបវរធិបតី បានបញ្ជាក់ថា "ខណៈពេលដែលសេដ្ឋកិច្ចបច្ចុប្បន្នកំពុងប្រឈមមុខនឹងសម្ពាធប្រជាសាស្ត្រ អាស៊ាននៅតែកើនឡើង។ ដោយតំបន់អាស៊ាន+បី ត្រូវបានព្យាករថានឹងកើនឡើង ៤% នៅឆ្នាំនេះ លើសពីមធ្យមភាគសកល ៣,៣% អាស៊ាន គឺជាក្បាលម៉ាស៊ីនដ៏សំខាន់ នៃសេដ្ឋកិច្ចពិភពលោក"៕
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ក្រុមការងារផ្សាយផ្ទាល់