ក្រុមអ្នកតវ៉ានៅទីក្រុងប៉ារីស ចេញតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអ៊ែលលើអ៊ីរ៉ង់
បារាំង៖ អ្នកតវ៉ានៅទីក្រុងប៉ារីស ប្រទេសបារាំង បានប្រមូលផ្តុំគ្នានៅទីលាន រីផាប់ភ្លីក (Republique) ដើម្បីប្រឆាំងនឹងសកម្មភាពយោធារបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល ដែលកំពុងវាយប្រហារលើប្រទេសអ៊ីរ៉ង់។ កាលពីថ្ងៃទី ០១ ខែមីនា ក្រុមអ្នកតវ៉ាបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះមហាអំណាចទាំងនេះ ដោយចោទប្រកាន់ថាពួកគេមិនមែនធ្វើការដើម្បីសេរីភាពនោះទេ ប៉ុន្តែជាការឈ្លានពានដែលបំផ្លាញជីវិតជនស៊ីវិល និងរំលោភបំពានលើច្បាប់អន្តរជាតិ ។
ក្រុមអ្នកតវ៉ា បានលើកឡើងយ៉ាងច្បាស់ថា សេរីភាព និងប្រជាធិបតេយ្យមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់កម្លាំងយោធាអ្វីឡើយ។ អ្នកតវ៉ា យល់ឃើញថា សកម្មភាពបែបនេះ កាន់តែបង្កឱ្យមានគ្រោះថ្នាក់ និងអស្ថិរភាពដល់ពិភពលោក កាន់តែខ្លាំងឡើងៗ។ ពួកគេជឿជាក់ថា ជោគវាសនារបស់ប្រទេសមួយ គួរតែកំណត់ដោយប្រជាជននៅក្នុងប្រទេសនោះ មិនមែនដោយការអន្តរាគមន៍ពីបរទេសឡើយ ។
ស្ថានការណ៍នេះកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីមានការបញ្ជាក់ថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមីនី (Ali Khamenei) បានបាត់បង់អាយុជីវិតនៅក្នុងការវាយប្រហារកាលពីថ្ងៃសៅរ៍។ ការស្លាប់របស់មេដឹកនាំរូបនេះ បានធ្វើឱ្យមានការព្រមានពីសំណាក់មន្ត្រីអ៊ីរ៉ង់ថា នឹងមានការសងសឹកយ៉ាងសាហាវ ខណៈអ៊ីស្រាអ៊ែលនៅតែបន្តប្រកាសពីផែនការវាយប្រហារបន្ថែមទៀត ដែលធ្វើឱ្យជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY