យុវជនម្នាក់ជិះម៉ូតូទៅបុករថយន្តស៊េរីទំនើបទាំងកំរោល បណ្តាលឱ្យបានរងរបួសធ្ងន់ នៅក្បែរវិមានឯករាជ្យ
ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តស៊េរីទំនើបទាំងកំរោល នៅក្បែរវិមានឯករាជ្យ កាលពីវេលាម៉ោង ៣:៤០នាទីទៀបភ្លឺ ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅក្បែរវិមានឯករាជ្យ មហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ យុវជននោះបានជិះម៉ូតូចេញពីផាប់ក្រោយជួបជុំហូបចុកជាមួយមិត្តរបស់ខ្លួន ដោយជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KE-6151 បើកបរតាមបណ្តោយវិថីព្រះសុរាម្រិត ទិសដៅពីកើតទៅលិច ឆ្ពោះទៅកាន់វិមានឯករាជ្យ លុះមកដល់ចំណុចកើតហេតុ យុវជនរងគ្រោះ បានបួងចង្កូតម៉ូតូទៅស្តាំ គោលបំណងឡើងទៅទិសខាងជើង ឆ្លងកាត់មហាវិថីព្រះនរោត្តម ស្របពេលរថយន្ត MERCEDES MAYBACH ១គ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-6688 កំពុងបើកបរពីជើងទៅត្បូង ពេលនោះម៉ូតូក៏បានជ្រុលទៅបុករថយន្តចំផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ ខណៈម៉ូតូ និងរថយន្ត បានរងការខូចខាត។ ចំណែកម្ចាស់រថយន្តភ័យពេកបានគេចចេញពីទីតាំងកើតហេតុ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ បន្ទាប់មកយុវជននោះត្រូវបានរថយន្តសាម៉ុយ បញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង រួចយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕
អត្ថបទ៖ រដ្ឋ រង្សី