ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវឱ្យគ្រប់ភាគីអត់ធ្មត់ ក្រោយមានសេចក្ដីរាយការណ៍ថា អង់គ្លេស និងបារាំង គ្រោងផ្ដល់អាវុធនុយក្លេអ៊ែរឱ្យអ៊ុយក្រែន

image

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) កាលពីពេលថ្មីៗនេះ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន រក្សាភាពស្ងប់ស្ងាត់ និងចៀសវាងការធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីរុស្ស៊ីថា បារាំង និងអង់គ្លេស មានគម្រោងផ្គត់ផ្គង់អាវុធនុយក្លេអ៊ែរទៅឱ្យរដ្ឋធានីគីវ (Kiev) ។

លោកស្រី ម៉ៅ នីង បានថ្លែងក្នុងសន្និសីទកាសែតនៅទីក្រុងប៉េកាំងថា «អាវុធនុយក្លេអ៊ែរមិនត្រូវយកមកប្រើប្រាស់ឡើយ ហើយសង្គ្រាមនុយក្លេអ៊ែរក៏មិនត្រូវឱ្យកើតមានដែរ។ ចិនសង្ឃឹមថា គ្រប់ភាគីអាចចាប់យកឱកាស ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពមួយដែលគ្រប់ជ្រុងជ្រោយ និងមានស្ថិរភាព» ។

ការលើកឡើងរបស់មន្ត្រីចិនខាងលើនេះ ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារចារកម្មរុស្ស៊ី បានចោទប្រកាន់ថា ទីក្រុងប៉ារីស និងទីក្រុងឡុងដ៍ នឹងផ្គត់ផ្គង់នុយក្លេអ៊ែរឱ្យអ៊ុយក្រែន ដែលរុស្ស៊ីចាត់ទុកថាជាទង្វើគ្រោះថ្នាក់បំផុត។ ទោះជាយ៉ាងណាក្ដី បារាំង និងអង់គ្លេស មិនទាន់មានប្រតិកម្មណាមួយចំពោះការចោទប្រកាន់នេះនៅឡើយទេ ។

ក្នុងពេលដំណាលគ្នា លោកស្រី ម៉ៅ នីង ក៏បានច្រានចោលការចោទប្រកាន់របស់មន្ត្រីអាម៉េរិក ដែលថាចិនបានលួចធ្វើតេស្តនុយក្លេអ៊ែរក្រោមដី ដោយលោកស្រីចាត់ទុកថាជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ thesun.ie on Microsoft Bing/ AP on Euro News