ព័ត៌មានអន្តរជាតិ

សកម្មជនថៃ ជំរុញ គ.ជ.ប ថៃ ឱ្យបកស្រាយរឿងតម្លាភាព និងការប្រើបាកូដលើសន្លឹកឆ្នោត ជាជាងប្ដឹងអ្នករិះគន់

image

បាងកក, ថៃឡង់ដ៍៖ ក្រុមអង្គការសង្គមស៊ីវិល បានជួបជុំគ្នាកាលពីល្ងាចថ្ងៃអង្គារ នៅមុខមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ក្នុងទីក្រុងបាងកក ដោយរៀបចំវេទិកាសាធារណៈមួយ ក្នុងគោលបំណងពិនិត្យមើលភាពមិនប្រក្រតីនៃការបោះឆ្នោតនាពេលថ្មីៗនេះ។ ក្នុងនោះ វាគ្មិនបានអំពាវនាវដល់គណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ថា EC ឬ គ.ជ.ប ថៃ ឱ្យបកស្រាយរាល់ចម្ងល់របស់សាធារណជនឱ្យបានច្បាស់លាស់ មុននឹងប្រកាសលទ្ធផលជាផ្លូវការ ។

អ្នករៀបចំវេទិកា លោក សម្បត្តិ ប៊ុនង៉ាម៉ាណង (Sombat Boonngamanong) បានរិះគន់ថា ការបោះឆ្នោតនេះខ្វះតម្លាភាព ហើយអាចប្រឈមនឹងមោឃៈ ប្រសិនបើបញ្ហាច្បាប់មិនត្រូវបានដោះស្រាយឱ្យរួចរាល់ជាមុនសិន។ លោកបានជំរុញឱ្យ គ.ជ.ប ថៃ បកស្រាយរឿងយឺតយ៉ាវក្នុងការរាយការណ៍ចំនួនអ្នកមកបោះឆ្នោត និងការមិនបង្ហាញទិន្នន័យសន្លឹកឆ្នោតឱ្យបានគ្រប់ជ្រុងជ្រោយ។ លោកព្រមានថា បើបង្កើតរដ្ឋាភិបាលទាំងមិនទាន់ដោះស្រាយវិវាទឱ្យចប់សព្វគ្រប់ នោះវានឹងបង្កហានិភ័យផ្នែកច្បាប់ ប្រសិនបើតុលាការសម្រេចលុបចោលលទ្ធផលបោះឆ្នោតនៅពេលក្រោយ ។

នៅក្នុងព្រឹត្តិការណ៍ដដែលនោះ អ្នកជំនាញផ្នែកបច្ចេកវិទ្យា លោក ថាណារ៉ាត់ គួវឌ្ឍនៈផាន់ (Thanarat Kuawattanaphan) បានស្នើឱ្យ គ.ជ.ប ថៃ ពន្យល់ពីការប្រើប្រាស់បាកូដ Barcode និង QR Code នៅលើសន្លឹកឆ្នោត ជាជាងការប្រើវិធានការច្បាប់ប្ដឹងផ្ដល់ប្រជាពលរដ្ឋដែលចោទសួរពីរឿងនេះ។ លោកបញ្ជាក់ថា ការដេញដោលរបស់លោក គឺធ្វើឡើងក្នុងបំណងល្អ ដើម្បីដឹងពីវិធានការការពារការក្លែងបន្លំសន្លឹកឆ្នោតតែប៉ុណ្ណោះ ហើយការប្ដឹងផ្ដល់នឹងធ្វើឱ្យពលរដ្ឋលែងហ៊ានតាមដានការងាររដ្ឋ ។

លោក ថាណារ៉ាត់ ក៏បានបង្ហាញក្ដីបារម្ភចំពោះការប្រកាសទទួលស្គាល់សមាជិកសភាលឿនខុសធម្មតា ទោះបីជានៅមានពាក្យបណ្ដឹងជាច្រើនក្នុងតុលាការក៏ដោយ ដែលចំណុចនេះបានធ្វើឱ្យមហាជនកាន់តែសង្ស័យលើដំណើរការបោះឆ្នោតទាំងស្រុង ។

ក្រុមអ្នករៀបចំ បានបញ្ជាក់ឡើងវិញថា វេទិកានេះធ្វើឡើងដើម្បីផ្ដល់ឱកាសឱ្យពលរដ្ឋបានបញ្ចេញមតិ និងជំរុញឱ្យមានតម្លាភាព និងទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងលទ្ធផលបោះឆ្នោតជាតិ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Thai Enquirer