ព័ត៌មានជាតិ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ណែនាំដល់ឯកអគ្គរាជទូតកម្ពុជា ដែលទើបតែងតាំង ត្រូវធ្វើការទន់ភ្លន់ ម៉ឺងម៉ាត់ និងតម្កល់ផលប្រយោជន៍ពលរដ្ឋ និងប្រទេសជាតិជាធំ

image



ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភា នៅព្រឹកថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកអគ្គរាជទូតកម្ពុជា ចំនួន ៥រូប ដែលទើបទទួលបានការតែងតាំងក្នុងការបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសនានា បានចូលជួបសម្តែងការគូរសម ជម្រាបលា និងទទួលអនុសាសន៍ នៅមុនពេលចាកចេញពីមាតុប្រទេសទៅបំពេញ បេសកកម្ម។

ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា ឯកអគ្គរាជទូត មិនត្រឹមតែតំណាងឱ្យក្រសួងការបរទេសប៉ុណ្ណោះទេ តែជាតំណាងឱ្យប្រទេសជាតិ តំណាងឱ្យព្រះ មហាក្សត្រ និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល។ បេសកកម្មការទូត ជាការងារដ៏ឧត្តុង្គឧត្តម ត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិ និងការលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាក អន្តរជាតិ។  ឯកអគ្គរាជទូតត្រូវធ្វើការដោយភាពទន់ភ្លន់ ម៉ឹងម៉ាត់ និងត្រូវតម្កល់ ផលប្រយោជន៍ពលរដ្ឋនិងប្រ ទេសជាតិជាធំ។

សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវក្តីរីករាយ និងអប អរសាទរយ៉ាងខ្លាំងចំពោះឯកអគ្គរាជទូត ដែលត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយថាមវន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់សេចក្តីទុកចិត្ត តែងតាំង ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំបណ្តាប្រទេសនានា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ជាមន្រ្តីការទូត ជាប្រភពព័ត៌មានសំខាន់មួយ សម្រាប់ថ្នាក់ដឹកនាំផងដែរ។ បេសកកម្មការទូត ពិតជាសំខាន់ខ្លាំង បំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកខាងក្នុងប្រទេស ដោយរួមចំណែកការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ។ ដើម្បីឈានទៅសម្រេចបាននូវគោលបំណងនេះ ក្នុងនាមជាមន្រ្តីការទូត ចំាបាច់ត្រូវមានសមត្ថភាព ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងការ ទូតរបស់រដ្ឋ ការទូតសភា និងការទូតផ្សេងៗ ដូចជាការទូតសេដ្ឋកិច្ច ការទូតប្រជាជន។ ក្រៅពីការបំពេញបេសកកម្មការទូត ឯកអគ្គរាជទូត ក៏ជាអាណាព្យាបាលលើពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ សិក្សា ឬរកទទួលទាននៅតាមបណ្តាប្រទេសដែលខ្លួនបំពេញបេសកកម្មការទូតផងដែរ។
អ្នកការទូតត្រូវផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋ ត្រូវរក្សាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីរបស់ជាតិដល់អន្តរជាតិបានដឹង។

សូមបញ្ជាក់ថា ឯកអគ្គរាជទូតដែលទើបតែងតំា ងនិងបានចូលជម្រាបលា និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភា នាឱកាសនេះ រួមមាន លោក ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតប្រចាំប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់, លោកស្រី ទូច សុផារត្ន ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម, លោក ឆាយ មករា ឯកអគ្គរាជទូតប្រចាំរដ្ឋកូវ៉ែតនិងលោក ផូ សំអាង ឯកអគ្គរាជទូតជាប្រចាំសាធារណរដ្ឋគុយបា។

លោក ណុំ ពិសិដ្ឋ តំណាងឯកអគ្គរាជទូតទំាងបួនរូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់ឱកាសជូនលោក និងលោកស្រីទំាងអស់បានចូលជួបសម្តែងការគួរសម ជម្រាបលា ពិសេសទទួលបានអនុសាសន៍ល្អៗនៅក្នុងឱកាសនេះ។ លោក បានបង្ហាញពីការតំាងចិត្តខ្ពស់ នៅក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យទទួលបានជោគជ័យ ឆ្លើយតបចំពោះការជឿទុកចិត្តដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ស្របតាមគោលនយោបាយការទូតរបស់កម្ពុជា ឱ្យមានប្រសិទ្ធិភាពខ្ពស់៕

អត្ថបទ៖ វង សុភ័ក្ត្រ