ព័ត៌មានជាតិ

អភិបាលរងខេត្តកណ្តាល ជំរុញអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តខិតខំធ្វើយ៉ាងណាឱ្យពលរដ្ឋគ្រប់រូប ទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារផ្សេងៗ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព

image



រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំ ជំរុញ និងអនុវត្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារផ្សេងៗទៀតជូនប្រជាពលរដ្ឋខ្មែរ

កណ្តាល៖ អភិបាលរងខេត្តកណ្តាល លោកស្រី ស្រ៊ុន ស្រីនាង បានជំរុញដល់អាជ្ញាធរក្រុង-ស្រុក កម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាការចុះបញ្ជីអត្រានុកូលដ្ឋាន ចុះបញ្ជីការស្នាក់នៅ និងការចុះបញ្ជីអត្តសញ្ញាណកម្មសញ្ជាតិខ្មែរ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងមានគណនេយ្យភាព។

ការជំរុញនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសសមាសភាពក្រុមការងារដឹកនាំ ជំរុញ និងអនុវត្តការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារផ្សេងៗទៀតជូនប្រជាពលរដ្ឋខ្មែរ ដែលបានរៀបចំឡើងនៅសាលាខេត្តកណ្ដាល កាលពីព្រឹកនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

លោកស្រី អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងការដឹកនាំតម្រង់ទិសដោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តកណ្តាល ក្រោមការដឹកនាំរបស់លោក គួច ចំរើន អភិបាលខេត្ត បានជំរុញឱ្យមានការផ្សព្វផ្សាយបន្ថែមនូវសចក្តីណែនាំនានា ដើម្បីមានមូលដ្ឋានយកទៅអនុវត្តឱ្យបានល្អប្រសើរ ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ។

លោកស្រី ស្រ៊ុន ស្រីនាង បានលើកឡើងថា ការជំរុញនេះ សំដៅចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរ ដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ឱ្យពួកគាត់មានឯកសារយកទៅប្រើប្រាស់តាមការចាំបាច់។ ជាពិសេស គឺសំដៅរួមចំណែករក្សាបាននូវសន្តិភាព សន្តិសុខជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងរក្សាបាននូវកម្លាំងពលកម្ម បម្រើឱ្យសង្វាក់ផលិតកម្មក្នុងស្រុក និងឆ្ពោះទៅបម្រើឱ្យការងារចុះឈ្មោះ និងការងារបោះឆ្នោតនាឆ្នាំ២០២៧ និង២០២៨ ខាងមុខផងដែរ។

នាឱកាសនោះដែរ លោកស្រីអភិបាលរងខេត្ត ក៏បានស្នើដល់អាជ្ញាធរក្រុង-ស្រុក កម្លាំងមានសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធត្រូវចុះជួប និងជម្រុញការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណទៅគ្រប់ពលករ និងជនភៀសសឹក ប្រជាពលរដ្ឋគ្រប់រូបដែលគ្រប់អាយុ និងត្រូវធ្វើទុតិយតា នៅមូលដ្ឋានរបស់ខ្លួនជាប្រចាំតាមរយៈការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចេញលិខិតអញ្ជើញគាត់មកធ្វើ។

លោកស្រី ក៏បានណែនាំដល់ស្នងការនគរបាលខេត្ត រដ្ឋបាលក្រុង-ស្រុក អធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវតាមដាន និងពិនិត្យមើលលទ្ធផលនៃការផ្តល់ឯកសារអត្តសញ្ញាណកម្មជាប្រចាំ ជាពិសេសការងារអត្តសញ្ញាណប័ណ្ណ ថាតើអង្គភាពរបស់ខ្លួនបានធ្វើគ្រប់ផែនការ ឬមិនទាន់គ្រប់ បើមិនទាន់គ្រប់ត្រូវមានវិធីសាស្ត្រ ដើម្បីជម្រុញឱ្យគ្រប់ផែនការ។

យោងតាមរបាយការណ៍ វឌ្ឍនៈភាពការងារអត្តសញ្ញាណកម្ម ប្រចាំត្រីមាសទី១ គិតពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ អាជ្ញាធរ បានផ្តល់សំបុត្រកំណើតជូនប្រជាពលរដ្ឋបានចំនួន ២,៨២២ នាក់ ស្រី ១,៣៥២ នាក់។ បានផ្តល់សៀវភៅស្នាក់នៅ(ក២) បានចំនួន ២,៧៩៥ នាក់ ស្រី ១,៣៣៧ នាក់។ បានផ្តល់សៀវភៅគ្រួសារ(ក៤) បានចំនួន ២,៤៨៩ នាក់ ស្រី ១,១៩៨ នាក់។ បានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានចំនួន ២,៤៣១ នាក់ ស្រី ១,១២៦ នាក់៕

អត្ថបទ៖ ឈុន សុភ័ក្រ