ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល វាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលមានទឹកចិត្តមុះមុត ក្នុងការជួយអន្តរាគមន៍សុខភាពបន្ទាន់ ពេលមានការឈ្លានពានតាមព្រំដែន

image



កំពង់ស្ពឺ៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលមានទឹកចិត្តមុះមុត ក្នុងការជួយអន្តរាគមន៍សុខភាពបន្ទាន់ៗ ពេលមានការឈ្លានពានតាមព្រំដែន ដល់ខេត្តដែលមានតម្រូវការជំនួយជាចាំបាច់ ក្នុងការជួយសង្ក្រោះវីរយុទ្ធជន និងប្រជាជនភៀសសឹក។

បន្ថែមពីនេះ លោកសាស្រ្តាចារ្យ បានគូសរំលេចថា «យើងត្រូវនៅឱ្យជាប់ជាមួយក្តីសង្ឃឹម យើងនឹងមិនខ្សោយ ហើយយើងនឹងកាន់តែបន្តឆ្ពោះទៅមុខក្នុងល្បឿនមួយ ដែលពេលនោះសុខាភិបាលខេត្ត នឹងមិនមានគម្លាតពីសុខាភិបាលរាជធានី។ មន្រ្តីសុខាភិបាល បានលះបង់ក្នុងការបំពេញការងារ ដើម្បីកសាងប្រព័ន្ធសុខាភិបាលកម្ពុជាមួយ រីកចម្រើនមានគុណភាព នឹងប្រើប្រាស់ដោយប្រជាពលរដ្ឋ។ ប្រទេសយើងតូច គ្រាន់តែជាចំនួន តែមិនតូចជាគុណភាពនោះទេ ខ្ញុំលើកទឹកចិត្តឱ្យខិតខំក្នុងវិជ្ជាជីវៈបន្ថែមទៀត។»

ឆ្លៀតក្នុងឱកាសនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់នូវអនុសាសន៍ជូនដល់សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូលយកទៅពិចារណា ក្នុងការរៀបចំផែនការ និងទិសដៅសម្រាប់ការងារនៅក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ ដោយត្រូវបន្តពង្រឹង និងពង្រីក ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យខេត្ត ស្រុក និងមណ្ឌលសុខភាព បុស្តិ៍សុខភាព, បន្តលើកកម្ពស់ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់មន្ត្រី និងពង្រឹងសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងការផ្តល់សេវា ២៤ម៉ោង លើ២៤ម៉ោង និង៧ថ្ងៃ/សប្តាហ៍។

ជាមួយគ្នានោះ ត្រូវពង្រឹងប្រព័ន្ធព័ត៌មាន តាមដាន និងវាយតម្លៃ ក្នុងយន្តការសុខភាពឌីជីថលលូបនីយកម្ម និងការវាយតម្លៃឱ្យបានជាប្រចាំក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក, បន្តធ្វើការសហការឱ្យបានខ្ពស់ជាមួយអជ្ញាធរ និងដៃគូ ក្នុងអភិវឌ្ឍន៍វិស័យសុខាភិបាល ពិសេសការពង្រីកសេវានៅតាមសហគមន៍, មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ត្រូវបន្តប្រើប្រាស់ប្រព័ន្ធប្រមូលទិន្នន័យ ជាពិសេសទាក់ទងនឹងព័ត៌មានត្រឡប់របស់អ្នកជំងឺ និងទិន្នន័យសម្រាប់ធ្វើការតាមដាននិងវាយតម្លៃគុណភាពសេវារបស់មន្ទីរពេទ្យ ដើម្បីរៀបចំការអភិវឌ្ឍន៍របស់ខ្លួនទៅមុខ និងត្រូវពង្រឹងការងារនិយតកម្មសុខាភិបាលឯកជន និងក្រមសីលធម៌គណៈវិជ្ជាជីវៈវេជ្ជសាស្រ្តទាំង៥៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ