ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ប្រកាសបើកឱ្យធ្វើចរាចរឡើងវិញផ្លូវនៅជុំវិញផ្សារដើមគរចាស់ទាំងអស់ ចាប់ពីថ្ងៃស្អែក ទី២៥ ខែកុម្ភៈ ក្រោយរៀបចំសណ្តាប់ធ្នាប់ឡើងវិញ បានល្អប្រសើរប្រមាណ ៩០%

image

ភ្នំពេញ៖ កំណាត់ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងផ្លូវលេខ២៣០ ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង មកដល់ពេលនេះ ការរៀបចំសណ្តាប់ធ្នាប់ គឺអនុវត្តបានល្អប្រសើរប្រមាណ៩០%ហើយ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បានចាត់វិធានការមិនឱ្យអាជីវករលក់ដូរលើចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ ក្នុងរយៈពេលជាង ១ខែកន្លងមកនេះ។ អ្វីដែលអាជ្ញាធររាជធានីភ្នំពេញ ចង់បាន គឺត្រូវបន្តធ្វើឱ្យសម្រេចបាន ១០០ភាគរយនាពេលខាងមុខ។

ជាមួយគ្នានេះ លោកអភិបាលរាជធានី បានប្រកាសបើកឱ្យធ្វើចរាចរឡើងវិញទាំងអស់ ផ្លូវនៅជុំវិញផ្សារដើមគរចាស់ចាប់ពីថ្ងៃស្អែក ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ។

នេះបើតាមការបញ្ជាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងប្រជុំស្តីពីវឌ្ឍនភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការផ្ទេរអាជីវករដែលលក់ដូរនៅលើផ្លូវ និងចិញ្ចើមផ្លូវក្នុងតំបន់ជុំវិញផ្សារដើមគ ទៅលក់ដូរនៅផ្សារដើមគថ្មី ឬផ្សារតាម៉ាប់ព្រែកជ្រៃ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា “ការសម្រេចបានជោគជ័យដ៏ធំធេងនេះ គឺបានមកពីការយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត មិនថាយប់ថ្ងៃរបស់អាជ្ញាធរ និងកងកម្លាំងរបស់យើង ហើយអ្វីដែលពីសេសថែមទៀតនោះ គឺបានពីការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ។ ការគាំទ្រនេះ ក៏ព្រោះតែយើងទាំងអស់គ្នា អនុវត្តការងារដោយភាពទន់ភ្លន់ ស្លូតបូត តែម៉ឺងម៉ាត់ និងធ្វើឡើងដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ ១៧លាននាក់។”

លោក ឃួង ស្រេង បានបន្តទៀតថា ជាទិសដៅ គឺធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា សម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ថែមពីនេះ ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ និងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតិឱ្យមានការលក់ដូរ រំលោភលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវឡើយ។ ចំពោះការងារដោះស្រាយការកកស្ទះចរាចរណ៍តាមដងផ្លូវវិញ ក៏ត្រូវរួមគ្នាធ្វើឡើងជាប្រចាំផងដែរ ដោយនៅពេលនេះ នៅរាជធានីភ្នំពេញ មានយានជំនិះច្រើនជាងចំនួនមនុស្សទៅហើយ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា អាជីវករនៅតំបន់ជុំវិញផ្សារដើមគរចាស់ ដែលពួកគាត់នាំគ្នាទៅលក់ដូរនៅផ្សារដើមគរថ្មី នាខណ្ឌព្រែកព្នៅ និងផ្សារតាម៉ាប់ព្រែកជ្រៃ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ តាមការដោះស្រាយរបស់រដ្ឋបាលរាជធានី ពួកគាត់មានការសប្បាយរីករាយណាស់ រហូតបានអំពាវនាវឱ្យអាជីវករផ្សេងទៀតទៅលក់តាមពួកគាត់ថែមទៀត ដែលនេះជាភាពជោគជ័យដ៏ធំធេងក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានោះដែរ លោក ឃួង ស្រេង ក៏បានជំរុញឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង ១៤ បន្តធ្វើការបាញ់ថ្នាំមូសនៅតាមមូលដ្ឋានប្រជាពលរដ្ឋផងដែរ៕