លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ចុះសួរសុខទុក្ខអង្គការការអភិវឌ្ឍកុមារកម្ពុជា លើកទី១៨ និងសមាគមស្នាមញញឹមថ្មី នៃក្ដីសង្ឃឹមរបស់កុមារ លើកទី៦
កណ្ដាល៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ គ.ស.ម.ក. ព្រមទាំងសប្បុរសជនកម្ពុជាដែលរស់នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦បានចុះសួរសុខទុក្ខ និងនាំយកថវិកា គ្រឿងឧបភោគបរិភោគ ទៅប្រគល់ជូនអង្គការការអភិវឌ្ឍកុមារកម្ពុជា លើកទី១៨ និងសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ លើកទី៦ ដែលមានទីតាំងក្នុងខេត្តកណ្ដាល។ ថវិកា និងគ្រឿងឧបភោគបរិភោគដែលយកទៅប្រគល់ជូននេះ រួមមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ប៊ីចេង ស្ករ មី នំ និងទឹកបរិសុទ្ធ ជាដើម ដែលអំណោយទាំងនេះបានមកពីសប្បុរសជនកម្ពុជាដែលរស់នៅសហរដ្ឋអាមេរិក មានបំណងចូលរួមលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់កុមារ។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី តែងតែចុះជួបសួរសុខទុក្ខ និងនាំយកថវិកា និងគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនអង្គការ និងសមាគមទាំងនេះដោយផ្ទាល់ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ហើយក៏បានចាត់ឱ្យក្រុមការងាររបស់ គ.ស.ម.ក. នាំយកថវិកា គ្រឿងឧបភោគបរិភោគ និងឱសថមួយចំនួន ប្រគល់ជូនជាប្រចាំជារៀងរាល់ខែផងដែរ។ សកម្មភាពទាំងនេះ គឺជាការចូលរួមសំខាន់ក្នុងការជួយសម្រាលបន្ទុករបស់អង្គការ និងធានាថា កុមារ ជាពិសេសកុមារដែលជាក្មេងតាមម្តាយចេញពីពន្ធនាគារនិងមណ្ឌលអប់រំកែប្រែ និងកុមារងាយរងគ្រោះផ្សេងៗ មានឱកាសរស់នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងការការពារសិទ្ធិជាមូលដ្ឋាន។
ការចុះសួរសុខទុក្ខនេះ ក៏បានចូលរួមធានាថា កុមារដែលរស់នៅទីនោះអាចទទួលបានសិទ្ធិសំខាន់ៗ ដូចជា សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការការពារពីអំពើបៀតបៀន ការបំពាន និងអំពើហិង្សាគ្រប់ទម្រង់ ស្របតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើគោលការណ៍ «មិនទុកនរណាម្នាក់ឱ្យនៅឯកា»។ កុមារត្រូវបានចាត់ទុកថា ជាធនធានដ៏មានតម្លៃបំផុតរបស់សង្គមជាតិ និងជាក្តីសង្ឃឹមដ៏សំខាន់សម្រាប់អនាគតនៃប្រទេសជាតិ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង និងបុគ្គលិកនៃអង្គការ និងសមាគមទាំងពីរ ដែលបានបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ក្នុងការថែទាំ ការពារ និងលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់កុមារ ជាពិសេសសិទ្ធិសុខភាព សិទ្ធិអប់រំ និងសិទ្ធិរស់នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព។ លោកទេសរដ្ឋមន្រ្តី ក៏បានកត់សម្គាល់ថា ការគ្រប់គ្រងនៅទីនេះ ប្រព្រឹត្តទៅដោយការគោរពសិទ្ធិកុមារ និងមិនមានការរំលោភបំពានណាមួយកើតឡើងឡើយ។ លើសពីនេះ ក្នុងករណីកុមារណាមានបញ្ហាសុខភាព ឬត្រូវការជំនួយបន្ទាន់ អង្គការ និងសមាគមអាចទំនាក់ទំនងមកកាន់ គ.ស.ម.ក. ដើម្បីជួយអន្តរាគមន៍ និងសម្របសម្រួលក្នុងការនាំកុមារទៅទទួលការព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។
លោកទេសរដ្ឋមន្រ្តី បានផ្ដាំផ្ញើដល់គណៈគ្រប់គ្រង និងបុគ្គលិកនៃអង្គការ និងសមាគមទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ថែទាំកុមារ ដោយត្រូវចៀសវាងដាច់ខាតនូវការប្រព្រឹត្តអំពើមិនគប្បី ឬការរំលោភបំពានណាមួយទៅលើសិទ្ធិកុមារ។ ទន្ទឹមនឹងនេះ ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ គ.ស.ម.ក. ក្នុងការបន្តគាំទ្រ និងជួយឧបត្ថម្ភបន្ថែមទៀត ហើយក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមឧបត្ថម្ភគាំទ្រដល់អង្គការ សមាគម និងមណ្ឌលកុមារកំព្រាផ្សេងៗទៀត ដែលជាការបង្ហាញពីស្មារតីមនុស្សធម៌ វប្បធម៌ចែករំលែក និងការចូលរួមសកម្មក្នុងការលើកកម្ពស់ និងការពារសិទ្ធិកុមារនៅកម្ពុជា៕