ពលរដ្ឋភៀសសឹកទទួលបានអត្ថប្រយោជន៍ និងការគាំពារទៅលើជីវភាព ព្រមទាំងសម្រាលបន្ទុកបន្ថែមទៀត ពីរាជរដ្ឋាភិបាល
បន្ទាមានជ័យ៖ ពលរដ្ឋភៀសសឹកដោយអំពេីឈ្លានពានរបស់ថៃ ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទទួលបានអត្ថប្រយោជន៍ និងការគាំពារទៅលើជីវភាព ព្រមទាំងសម្រាលបន្ទុកបន្ថែមទៀត ពីរាជរដ្ឋាភិបាលកម្ពុជា។
យោងតាមការឱ្យដឹងពីអាជ្ញាធរដែនដី បានបញ្ជាក់ថា មានប្រជាពលរដ្ឋភៀសសឹកប្រមាណ ៣ ០០០គ្រួសារ កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាពនេះ ដែលភាគច្រើនគឺជាប្រជាជនក្រីក្រ ដែលរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ហើយដែលផ្ទះរបស់ពួកគាត់ត្រូវបានបំផ្លាញ និងផ្នែកខ្លះនៃភូមិ ត្រូវបានទាហានឈ្លានពានថៃ រាយលួសបន្លា និងដាក់ទូកុងតឺន័របិទផ្លូវមិនឱ្យចូលលំនៅឋាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន៤ម៉ឺននាក់ នៅមានពលរដ្ឋភៀសសឹកចំនួន ៦៥ ១៧៤នាក់ (ស្រី្ត ៣៤ ៣៨៨នាក់ និងកុមារ ២១ ៧៩៣នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយទេ បន្ទាប់ពីកងកម្លាំងថៃកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ក្នុងដែនអធិបតេយ្យកម្ពុជា ដែលបានកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
សូមបញ្ជាក់ថា នៅក្នុងចំណុចមួយចំនួននៃបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ភាគីទាំងពីរបានឯកភាពគ្នា ជាពិសេសក្នុងចំនុចទី ៤ ដែលបានចែងថា "ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន"៕